ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅថា G7 ក្នុងប្រទេសកាណាដា កាលពីថ្ងៃចន្ទ (១៦ មិថុនា) ថា ការដកវត្តមានរុស្ស៊ី ចេញពីអតីតក្រុមទាំងប្រាំបី ឬ G8 កាលពីជាងមួយទសវត្សរ៍មុន គឺជាកំហុសឆ្គងដ៏ធំមួយ។

លោក Trump បានលើកឡើងថា "មេដឹកនាំរុស្ស៊ី លោក Vladimir Putin បាននិយាយទៅកាន់រូបលោក ហើយមិននិយាយជាមួយអ្នកផ្សេងទេ ព្រោះលោក Putin ត្រូវបានប្រមាថយ៉ាងខ្លាំង នៅពេលលោកចាកចេញពីអតីត G8"។
ថ្លែងជាមួយនាយករដ្ឋមន្ត្រីកាណាដា នៅតំបន់រមណីយដ្ឋាន Kananaskis លោក Trump បាននិយាយថា អតីតក្រុមប្រទេសទាំងប្រាំបី G8 មានកំហុសធំណាស់ក្នុងការបណ្តេញរុស្ស៊ី ចេញពីក្រុមកាលឆ្នាំ២០១៤ បន្ទាប់ពីទីក្រុងមូស្គូ បានដាក់បញ្ចូលឧបទ្វីបគ្រីម៉េ។ លោក Trump មិនបាននិយាយច្បាស់ៗថារុស្ស៊ី គួរតែត្រូវដាក់ចូលក្នុងក្រុមវិញទេ ប៉ុន្តែលោកបានបង្ហើបថា លោកនឹងមិនប្រកាន់ទេ ប្រសិនបើចិន ចូលរួមក្នុងក្រុមនេះដែរ។
គួរឱ្យដឹងថា មេដឹកនាំក្រុមប្រទេស G7 មកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមជាមួយនឹងសហភាពអឺរ៉ុប កំពុងប្រជុំគ្នានៅកាណាដា រហូតដល់ថ្ងៃអង្គារ (១៧ មិថុនា) នេះ។ ការអត្ថាធិប្បាយរបស់លោក Trump ធ្វើឱ្យមានការងឿងឆ្ងល់ថា តើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អាចសម្រេចជោគជ័យបានប៉ុន្មាន នៅពេលលោកជួបមេដឹកនាំនៅថ្ងៃចុងក្រោយនៃជំនួបកំពូលមួយនេះ ខណៈលោក Trump ក៏បានចាកចេញពីកិច្ចប្រជុំនេះលឿនជាងពេលកំណត់ដោយសារស្ថានការណ៍បន្ទាន់រឿងជម្លោះមជ្ឈិមបូព៌ា៕

