បុគ្គលិកហាងនៅផ្សារមួយកន្លែងក្នុងទីក្រុងតេអេរ៉ង់ បាននិយាយថា ពួកគេគ្មានផែនការចាកចេញពីទីក្រុងនេះទេ ខណៈកម្លាំងអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងរបស់អ៊ីរ៉ង់ក៏ដោយ។

បុគ្គលិកហាងម្នាក់ បាននិយាយថា «យើងនៅទីនេះ មិនទៅណាទេ។ ប្រសិនបើនរណាម្នាក់ត្រូវចាកចេញ នោះគឺជាជនជាតិអ៊ីស្រាអែល ដែលបោះបង់ចោលប្រទេសរបស់ខ្លួន ហើយចេញទៅ»។
បុគ្គលិកម្នាក់ទៀត និយាយថា «ខ្លួនយើងផ្ទាល់គ្មានផែនការឈប់សម្រាក ឬចាកចេញពីទីក្រុងតេអេរ៉ង់ទេ ទោះបីជាមានការគំរាមកំហែង ឬមានអ្វីកើតឡើងក៏ដោយ»។

អ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា ដែលបានបំផ្លាញទីតាំងនៃទីបញ្ជាការយោធារបស់អ៊ីរ៉ង់ និងបានបំផ្លាញទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ និងបាននិយាយថា យុទ្ធនាការនេះនឹងបន្តកើនឡើងជាមួយនឹងគោលដៅដែលនឹងបំផ្លាញសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
អ៊ីរ៉ង់ ទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺស៊ីវិលប៉ុណ្ណោះ ពុំមែនយោធាទេ។ អ៊ីរ៉ង់ បានប្តេជ្ញាថានឹង សងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្តែប្រភពពីររបស់អ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបញ្ឈប់ការវាយប្រហាររបស់ខ្លួនដែរ ប្រសិនបើអ៊ីស្រាអែល ឈប់វាយលុក។