ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីប្រទេសកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានជួបគ្នានៅទីក្រុង Astana កាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា ខណៈប្រទេសជិតខាងទាំងពីរព្យាយាមជំរុញទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា ទេសចរណ៍ និងគយ។

នៅក្នុងវីដេអូ ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃអង្គារ ទី១៧ មិថុនានេះ លោក Xi និង លោក Tokaev បាននិយាយនៅក្នុងជំនួបទ្វេភាគីនៅក្នុងរដ្ឋធានីប្រទេសកាហ្សាក់ស្ថាន និងបានត្រួតពិនិត្យការផ្លាស់ប្តូរឯកសាររវាងគណៈប្រតិភូរបស់ប្រទេសទាំងពីរ។

លោក Xi បាននិយាយថា ប្រទេសទាំងពីរនឹងអនុវត្តពហុភាគីនិយម និងការពារផលប្រយោជន៍រួមរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដោយលោកបាននិយាយបន្ថែមថា ប្រទេសទាំងពីរនឹងជំរុញការសាងសង់គម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។
លោក Xi ក៏បានអំពាវនាវឱ្យប្រទេសទាំងពីរពង្រីកការអនុវត្តច្បាប់ និងការផ្លាស់ប្តូរផ្នែកការពារជាតិ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការផ្តាច់ខ្លួន និងភាពជ្រុលនិយម។