ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីលីបង់ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់ពួកគេ ត្រូវតែនៅឆ្ងាយពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ពីព្រោះការចូលរួមណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសដ៏តូចដែលជាប់ក្នុងវិបត្តិសេដ្ឋកិច្ច និងការតស៊ូ ដើម្បីងើបឡើងវិញពីសង្គ្រាមចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា។

ការលើកឡើងរបស់ពួកគេ គឺជាសារមួយទៅកាន់ក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ទាំងអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីជៀសវាងពីជម្លោះនេះ។
ក្រុមហេសបូឡា ដែលបានបើកការវាយប្រហាររបស់ខ្លួនផ្ទាល់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីការវាយប្រហារថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស បានរងការវាយលុកយ៉ាងធ្ងន់ធ្ងរ និងបានទទួលរងការខាតបង់យ៉ាងដំណំនៅលើសមរភូមិ រហូតដល់បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន បានបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១៤ខែ រវាងក្រុមហេសបូឡា និងអ៊ីស្រា អែល។
កាលពីដើមឆ្នាំនេះ ក្រុមយុទ្ធជនហាម៉ាស នៅក្នុងប្រទេសលីបង់ បានបាញ់រ៉ូកែតចេញពីទឹកដីលីបង់ ដោយបាននាំឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងឈានដល់ការចាប់ខ្លួនសមាជិកក្រុមហាម៉ាស ដោយអាជ្ញាធរលីបង់។
សង្គ្រាមហេសបូឡានិងអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សជាង ៤.០០០នាក់ ស្លាប់ នៅក្នុងប្រទេសលីបង់ និងបង្កឲ្យឲ្យមានការបំផ្លិចបំផ្លាញ ដែលមានតម្លៃ ១១ពាន់លានដុល្លារ។ ក្រុមហេសបូឡា ត្រូវបានគេរុញចេញពីតំបន់មួយចំនួនជាប់ព្រំដែនអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។ នៅអ៊ីស្រាអែល មនុស្ស ១២៧នាក់ រួមទាំងទាហាន ៨០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលសង្រ្គាម។
ប្រធានាធិបតីលីបង់លោក Joseph Aoun និងលោកនាយករដ្ឋមន្ត្រី Nawaf Salam បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ដែលក៏បានពិភាក្សាអំពីជម្លោះអ៊ីរ៉ង់និងអ៊ីស្រាអែល និងការបង្កើនឡើងភាពតានតឹងក្នុងតំបន់ ក្នុងរយៈពេល ៤ថ្ងៃ កន្លងមកនេះ។
