ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 បានបង្ហាញការគាំទ្រ ចំពោះអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីល្ងាចថ្ងៃចន្ទ (ទី១៦ ខែមិថុនា) ហើយបានចាត់ទុកអ៊ីរ៉ង់ ដែលជាគូអរិរបស់ប្រទេសនេះថា ជាប្រភពនៃអស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា ដោយបណ្ដាមេដឹកនាំ G7 បានជំរុញឲ្យបន្ធូរបន្ថយអរិភាពយ៉ាងទូលំទូលាយ នៅក្នុងតំបន់នេះ។
សង្រ្គាមផ្លូវអាកាស រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ តាមផ្លូវអាកាស បានបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើងៗ នៅក្នុងតំបន់មួយដែលមានហានិភ័យរួចទៅហើយ ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកលើតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣។

មេដឹកនាំ G7 បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសូមបញ្ជាក់ថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ យើងសូមបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់យើង ចំពោះសន្តិសុខរបស់អ៊ីស្រាអែល»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «អ៊ីរ៉ង់ គឺជាប្រភពចម្បងនៃអស្ថិរភាព និងភេរវកម្ម ក្នុងតំបន់» ហើយបានសង្កត់ធ្ងន់ថា G7 គឺ «ច្បាស់លាស់ណាស់ថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ជាអ្វីដែលខ្លួនហៅថា ការវាយប្រហារទុកជាមុន ដើម្បីរារាំងទីក្រុងតេអេរ៉ង់កុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក គូអរិដ៏ស្រួចស្រាល់នៅមជ្ឈិមបូព៌ាទាំង២ បានវាយប្រហារតគ្នាទៅវិញទៅមក ដោយមន្ត្រីអ៊ីរ៉ង់រាយការណ៍ថា មានអ្នកស្លាប់ជាង ២២០នាក់ ដែលភាគច្រើនជាជនស៊ីវិល ខណៈដែលអ៊ីស្រាអែល បានប្រាប់ថា ជនស៊ីវិល ២៤នាក់ ត្រូវបានសម្លាប់៕


