អ៊ុយក្រែន៖ ការប្រារព្ធពិធីបុណ្យណូអែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រនៅក្នុងទីក្រុង Donetsk ប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ទោះបីជាមានភាពតានតឹងរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដោយ។ ដើមណូអែលមួយដើមត្រូវបានបង្កើតឡើងនៅទីលានធំ ដែលប្រជាជនបានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធពិធីបុណ្យណូអែល។

លោក Alexei Kulemzin ប្រធានតំបន់នៅទីក្រុង Donetsk ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមបាននិយាយថា យើងមានអារម្មណ៍រីករាយ ហើយជំហាននេះគឺដើម្បីធ្វើសមាហរណកម្មតំបន់ជាមួយប្រទេសរុស្ស៊ី។ ប្រជាជនមានអារម្មណ៍រីករាយ ហើយចង់ប្រារព្ធពិធីចូលឆ្នាំសកលថ្មីខាងមុខដោយច្រៀង និងរាំនៅក្នុងបរិយាកាសបើកចំហរ ទោះបីមានសីតុណ្ហភាពត្រជាក់ក៏ដោយ។ កុមារដែលរស់នៅក្នុងតំបន់ក្បែរខ្សែបន្ទាត់ជួរមុខរវាងក្រុមបំបែកខ្លួន និងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនបានពេញចិត្តការប្រគំតន្ត្រី និងការចែកអំណោយដែលឧបត្ថម្ភដោយរណសិរ្សជាតិរុស្សីជាអង្គការពលរដ្ឋក្នុងប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន