ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានជំរុញពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីប្រទេសនេះ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើការវាយប្រហារគ្នាយ៉ាងខ្លាំងក្លា។
ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម WeChat ថា៖«បេសកកម្មចិននៅអ៊ីស្រាអែល រំលឹកជនជាតិចិនឲ្យចាកចេញពីប្រទេសឲ្យបានឆាប់ តាមដែលអាចធ្វើបានតាមរយៈច្រកព្រំដែនគោក តាមបុរេលក្ខខណ្ឌ ដែលពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។

ស្ថានទូតនេះ បានបន្ថែមថា៖«ខ្លួនត្រូវបានផ្ដល់អនុសាសន៍ឲ្យចាកចេញ ក្នុងទិសដៅទៅកាន់ប្រទេសហ្ស៊កដានី»។
បន្ទាប់ពីមានសត្រូវរាប់ទសវត្សរ៍ និងសង្រ្គាមស្រមោលអូសបន្លាយជាយូរមកហើយនោះ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការលើអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីសប្តាហ៍មុន ប្រឆាំងនឹងគោលដៅ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ពួកគេមានគោលបំណងទប់ស្កាត់សត្រូវរបស់ខ្លួន ពីការទទួលបានអាវុធបរមាណូ ជាមហិច្ឆតាដែលក្រុងតេអេរ៉ង់បដិសេធ។
ការផ្ទុះឡើងភ្លាមៗនូវអរិភាព បានបង្កឲ្យមានការភ័យខ្លាចនៃជម្លោះកាន់តែធំឡើង ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញឲ្យអ៊ីរ៉ង់ត្រឡប់ទៅតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានបង្អាក់កិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងបន្ត។
ស្ថានទូតក្រុងប៉េកាំង បាននិយាយនៅថ្ងៃអង្គារនេះថា ជម្លោះកំពុង «បន្តកើនឡើង»។
ស្ថានទូតបានអះអាងថា៖«ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានខូចខាត ការស្លាប់និងរបួសរបស់ជនស៊ីវិល មានការកើនឡើង ហើយស្ថានភាពសន្តិសុខ កាន់តែធ្ងន់ធ្ងរឡើងៗ»។
