រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃចន្ទ (ទី១៦ ខែមិថុនា) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា លោកប្រធានាធិបតី Donald Trump នៅតែមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ទោះបីជាអរិភាពបានកើនឡើង រវាងសម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៊ីស្រាអែល និងទីក្រុងតេអេរ៉ង់ក៏ដោយ ខណៈដែលជំនួយការសេតវិមានរូបនេះ បាននិយាយដាច់ដោយឡែកថា ទីក្រុងវ៉ាស៊ីនតោនមិនបានវាយប្រហារអ៊ីរ៉ង់ទេ។

នៅក្នុងកម្មវិធី Jesse Watters Primetime របស់ទូរទស្សន៍ Fox News នៅពេលដែលត្រូវបានសួរថា តើលោក Trump នៅតែមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែរ ឬទេ លោក Hegseth បានឆ្លើយថា «មែនហើយ»។ លោក Hegseth បានបញ្ជាក់ថា៖ «យើងត្រូវបានដាក់ឲ្យឈរជើង ដើម្បីការពារតំបន់ តែគោលដៅចម្បង គឺការជំរុញដល់កិច្ចព្រមព្រៀងសន្តិភាព។ ហើយយើងពិតជាសង្ឃឹមថា នោះជាអ្វីដែលនឹងកើតឡើងនៅទីនេះ»។
គួរបញ្ជាក់ថា តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១៦ ខែមិថុនា លោក Trump បានប្រាប់ថា «អ្នកគ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុងតេអេរ៉ង់ជាបន្ទាន់» ដោយលើកឡើងពីអ្វីដែលលោកបាននិយាយថា គឺជាការបដិសេធរបស់ប្រទេសនេះ ចំពោះកិច្ចព្រមព្រៀង ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ហើយចាប់តាំងពីពេលនោះមក គូអរិនៅមជ្ឈិមបូព៌ាទាំង២ បានវាយប្រហារតគ្នាទៅវិញទៅមក ដោយមន្ត្រីអ៊ីរ៉ង់រាយការណ៍ថា មានមនុស្សស្លាប់ជាង ២២០នាក់ ដែលភាគច្រើនជាជនស៊ីវិល ក្នុងរយៈពេល ៥ថ្ងៃនេះ ខណៈដែលអ៊ីស្រាអែល បានអះអាងថា ជនស៊ីវិល ២៤នាក់ ត្រូវបានសម្លាប់៕
