មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរនៅក្នុងរដ្ឋ Katsina ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា បានធ្វើកិច្ចព្រមព្រៀងសន្តិភាពមួយ កាលពីចុងសប្តាហ៍មុន ជាមួយនឹងក្រុមឧក្រិដ្ឋជន ដើម្បីព្យាយាមបញ្ចប់អំពើហិង្សាជាច្រើនឆ្នាំហើយនោះ។
Katsina គឺជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើន នៅភាគពាយ័ព្យ និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគំរាមកំហែង ដោយក្រុមឧក្រិដ្ឋជនដែលអ្នកស្រុកត្រូវបានគេហៅថា ជាចោរព្រៃ។
ក្រុមឧក្រិដ្ឋជនទាំងនោះ វាយឆ្មក់ភូមិជាច្រើន សម្លាប់ និងចាប់ពង្រត់អ្នកស្រុក ព្រមទាំងដុតបំផ្លាញផ្ទះសម្បែង បន្ទាប់ពីលួចប្លន់ទ្រព្យសម្បត្តិពីពួកវាទាំងអស់នោះ។
ក្រុមជនអន្ធពាល បានរក្សាជំរំនៅក្នុងព្រៃដ៏ធំមួយ ដែលជាប់នឹងរដ្ឋ Zamfara, Katsina, Kaduna ក្នុងតំបន់ភាគពាយ័ព្យ និងរដ្ឋនីហ្សេ ក្នុងតំបន់ភាគកណ្តាលរបស់ប្រទេសនេះ ហើយបានធ្វើការចាប់ជំរិតសិស្សយ៉ាងច្រើន ពីសាលារៀនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Nasiru Mu'azu ស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរដ្ឋ Katsina បាននិយាយថា កាលពីថ្ងៃសៅរ៍មេដឹកនាំក្រុមចោរព្រៃជាង ១០នាក់ បានជួបជាមួយមន្ត្រីក្នុងតំបន់ និងមេដឹកនាំសហគមន៍ នៅក្នុងទីក្រុង Danmusa ជាកន្លែងដែលពួកគេ បានលះបង់ចោលអំពើហិង្សា ហើយបានសន្យាថា នឹងចាប់ផ្តើមធ្វើសកម្មភាពតាមរបៀបដែលប្រសើរជាងមុន និងប្រកបដោយការទទួលខុសត្រូវ។
លោក Mu'azu បាននិយាយថា៖«មានកិច្ចប្រជុំស្តីពីសន្តិភាពមួយរវាងមេដឹកនាំក្រុមចោរចំនួន ១២នាក់ និងមេដឹកនាំសហគមន៍ ក្នុងតំបន់ Danmusa ជាកន្លែងដែលក្រុមចោរ បានបោះបង់ចោលសកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេ ហើយបានប្តេជ្ញាចំពោះសន្តិភាព»។
