រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការពន្យារពេលរយៈពេល ៦ឆ្នាំ ប្រទេសឥណ្ឌា ត្រូវបានកំណត់ ដើម្បីរាប់ចំនួនប្រជាជនរបស់ខ្លួន នៅក្នុងជំរឿនឆ្នាំ ២០២៧ ខណៈដែលខ្លួនកំពុងរៀបចំកត់ត្រាទិន្នន័យវណ្ណៈជាលើកដំបូង ក្នុងរយៈពេលជិតមួយសតវត្សរ៍។
ដោយមានកិច្ចការរដ្ឋបាលដ៏ធំបំផុតមួយរបស់ពិភពលោក ជំរឿនប្រជាជនឥណ្ឌា ត្រូវបានគ្រោងទុកដំបូងសម្រាប់ឆ្នាំ ២០២១ ប៉ុន្តែបានប្រឈមនឹងការពន្យារពេលយ៉ាងយូរ ពោលគឺដោយសារជំងឺរាតត្បាត COVID-19។
ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ដោយប្រកាសថា ជំរឿននេះ នឹងត្រូវធ្វើ ក្នុងអំឡុងឆ្នាំ ២០២៧។

ក្រសួងមិនបានបញ្ជាក់ពីពេលណាដែលដំណើរការនៃការរាប់ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នប៉ាន់ស្មានថា មានចំនួនជិត ១,៤៦ ពាន់លាននាក់ នឹងចាប់ផ្តើម ប៉ុន្តែដំណើរការនៃការចុះបញ្ជីផ្ទះ និងការរាប់ចំនួនប្រជាជន ត្រូវបានកំណត់ឲ្យរួចរាល់ មុនថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៧ សម្រាប់ភាគច្រើននៃប្រទេសនេះ ហើយនៅត្រឹមថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦ សម្រាប់តំបន់ដែលមានព្រិលធ្លាក់ និងដាច់ស្រយាលដូចជា Ladakh, Jammu និង Kashmir, Himachal Pradesh និង Uttarakhand ជាដើម។
ជំរឿនចុងក្រោយបំផុត ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១១ ហើយបានផ្តល់ទិន្នន័យសំខាន់សម្រាប់ការធ្វើផែនការគម្រោងសុខុមាលភាព ការបែងចែកមូលនិធិសហព័ន្ធ និងគូសព្រំដែនសម្រាប់ការបោះឆ្នោត។
