នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្វាគមន៍ ចំពោះលើកឡើងរបស់សមភាគីអង់គ្លេស នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ដែលថា អង់គ្លេស និងសហរដ្ឋអាមេរិក នឹងបន្តដំណើការសន្ធិសញ្ញានាវាមុជទឹកនុយក្លេអ៊ែររបស់សម្ព័ន្ធ Aukus ជាមួយអូស្ត្រាលី បើទោះបីជាមានការពិនិត្យឡើងវិញរបស់មន្ទីរបញ្ចកោណក៏ដោយ។
នៅពេលត្រូវបានសួរ អំពីកិច្ចព្រមព្រៀងសម្ព័ន្ធ Aukus ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump ឈរក្បែរ បន្ទាប់ពីមេដឹកនាំទាំង២ បានជួបគ្នាកាលពីថ្ងៃទី១៦ ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឆ្លើយតបទៅអ្នកសារព័ត៌មានថា៖ «យើងកំពុងបន្តដំណើរការកិច្ចការនោះ។ វាគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ សម្រាប់យើងទាំង២»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា លោកប្រធានាធិបតីកំពុងធ្វើការពិនិត្យឡើងវិញ។ ដូចគ្នាដែរ យើងបានពិនិត្យឡើងវិញនៅពេលដែលយើងក្លាយជារដ្ឋាភិបាល ដើម្បីឲ្យមានសុភនិច្ឆ័យ សម្រាប់ខ្ញុំ»។

លោក Albanese បានគ្រោងមានកិច្ចប្រជុំលើកដំបូងជាមួយលោក Trump នៅថ្ងៃបន្ទាប់ ដើម្បីជំរុញឲ្យគាំទ្រកិច្ចព្រមព្រៀងសម្ព័ន្ធ Aukus។ តែសេតវិមានបានប្រកាសថា លោក Trump នឹងចាកចេញពីកិច្ចប្រជុំ G7 មុនកំណត់ ហើយមន្ត្រីអូស្ត្រាលី បាននិយាយថា ពួកគេមិនរំពឹងថា នឹងមានកិច្ចប្រជុំកើតឡើងនោះទេ។
នៅមុននេះ លោក Albanese បានប្រាប់អ្នកសារព័ត៌មានថា សម្ព័ន្ធ Aukus មាន «អត្ថប្រយោជន៍យ៉ាងធំធេង» សម្រាប់ដៃគូទាំង៣។ លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Calgary ថា៖ «នោះហើយជាមូលហេតុដែលយើងគាំទ្រកិច្ចព្រមព្រៀង Aukus ហើយនោះជាមូលហេតុដែលខ្ញុំមានទំនុកចិត្តថា ប្រទេសទាំង៣ នឹងបន្តផ្តល់ការគាំទ្រ ចំពោះកិច្ចព្រមព្រៀង»៕
