ភ្នំពេញ៖ លោកជំទាវ សុភ័គ្គ ថាវី សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារ ចុះជួយរាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។
សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញដោយសមត្ថភាពទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរពស្រលាញ់ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយឯកឧត្តមបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រី ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដីអធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្តីសុខ សុភមង្គល និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនាពេលអនាគត៕


