ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី១៦ ខែមិថុនា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាផ្លូវការ ដោយទម្លាក់កម្រិតពន្ធមួយចំនួនលើការនាំចូលពីចក្រភពអង់គ្លេស ខណៈដែលប្រទេសនានាក៏កំពុងបន្តធ្វើការឆ្ពោះទៅរកការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការដែរ។
កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសដោយលោក Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ (G7) នៅប្រទេសកាណាដា បានបញ្ជាក់ឡើងវិញនូវកូតា និងអត្រាពន្ធលើរថយន្តរបស់អង់គ្លេស ហើយបានលុបចោលពន្ធលើវិស័យអាកាសចរណ៍របស់ចក្រភពអង់គ្លេស ប៉ុន្តែបញ្ហាដែក និងអាលុយមីញ៉ូម នៅតែមិនទាន់ដោះស្រាយបានដដែល។ ឧស្សាហកម្មសំខាន់ៗផ្សេងទៀត ដូចជាឱសថជាដើម ក៏មិនត្រូវបានលើកឡើងនោះដែរ។

លោក Trump បាននិយាយថា ទំនាក់ទំនងជាមួយចក្រភពអង់គ្លេស គឺ «ល្អណាស់» នៅពេលដែលលោកបានលើកគ្រវី ហើយបន្ទាប់មកបានទម្លាក់ចុះនូវឯកសារដែលលោកបានប្រាប់ថា លោកទើបតែបានចុះហត្ថលេខា។ ចំណែកលោក Starmer បានហៅវាថា៖ «នេះគឺជាថ្ងៃដ៏ល្អ សម្រាប់ប្រទេសរបស់យើងទាំង២ ដែលជាសញ្ញាពិតប្រាកដនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ»។
គួរបញ្ជាក់ថា បើយោងតាមក្រឹត្យដែលចេញដោយសេតវិមាន បានបង្ហាញថា សហរដ្ឋអាមេរិកមានបំណងដាក់កូតាលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីចក្រភពអង់គ្លេស ដែលនឹងត្រូវបានលើកលែងពីកម្រិតពន្ធ ២៥ភាគរយ ប៉ុន្តែបានដាក់លក្ខខណ្ឌឲ្យចក្រភពអង់គ្លេសបង្ហាញពីសុវត្ថិភាព ពាក់ព័ន្ធនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងរោងចក្រផលិតដែក៕
