រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងឥស្លាមចំនួន ២០ បានជំរុញឲ្យធ្វើតំបន់មជ្ឈិមបូព៌ា ក្លាយជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសអេ ហ្ស៊ីប។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«រដ្ឋមន្ត្រីទាំងអស់ បានបញ្ជាក់អំពីភាពចាំបាច់ជាបន្ទាន់នៃការបង្កើតតំបន់មជ្ឈិមបូព៌ា ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត ដែលនឹងអនុវត្តចំពោះរដ្ឋទាំងអស់ នៅក្នុងតំបន់ដោយគ្មានករណីលើកលែង»។

ពួកគេបានអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់ ដែលមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)ចូលរួមជាមួយសន្និសញ្ញានេះ។
នៅក្នុងបរិបទនៃ«ការកើនឡើងភាពតានតឹងដែលមិនធ្លាប់មានពីមុនមក នៅមជ្ឈិមបូព៌ា» ក្រុមរដ្ឋមន្ត្រី បានជំរុញឲ្យ«ជៀសវាងពីការកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរ ដែលស្ថិតនៅក្រោមការការពាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)»។
នៅក្នុងការលើកឡើងរបស់ពួកគេ ទង្វើបែបនេះ គឺជាការរំលោភលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ផងដែរ។
