យោងតាមការិយាល័យរបស់លោក Lee Jae-myung បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នាថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នៅប្រទេសកាណាដា ដោយការជួបគ្នានេះកើតមាននៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ (G7)។
លោក Lee ដែលបានស្បថចូលកាន់តំណែងនៅដើមខែនេះ បន្ទាប់ពីបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៣ ខែមិថុនា កំពុងទស្សនកិច្ចនៅប្រទេសកាណាដា ដែលជាការធ្វើដំណើរក្រៅប្រទេសលើកដំបូងរបស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។
ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិលោក Wi Sung-lac ក៏បានប្រាប់សន្និសីទសារព័ត៌មានដែរថា វាបានក្លាយជា «រឿងពិបាកកើតឡើង» ក្នុងការរៀបចំកិច្ចប្រជុំ រវាងលោក Lee និងប្រធានាធិបតីអាមេរិក លោក Donald Trump តាមការគ្រោងទុក បន្ទាប់ពីលោក Trump បានចាកចេញពីកិច្ចប្រជុំមុនកាលកំណត់។ លោក Wi បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំការយោគយល់ពីទីក្រុងសេអ៊ូល។
លើសពីនោះទៀត ការិយាល័យរបស់លោក បានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៦ ខែមិថុនា លោក Lee បានមានជំបទ្វេភាគីចំនួន២ ដោយបានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។
លោក Lee ដែលជាមេដឹកនាំឆ្វេងនិយម បានលើកឡើងថា ការអនុវត្តជាក់ស្តែង គឺជាគន្លឹះនៃទំនាក់ទំនងការទូតរបស់លោក ហើយលោកនឹងបន្តធ្វើការលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕