ប្រទេសស៊ីបបានទទួលសំណើដែលស្នើឲ្យជួយដល់ការជម្លៀសពលរដ្ឋព័រទុយហ្គាល់ និងស្លូវ៉ាគី ពីតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos Kombos ដែលបាននិយាយកាលពីថ្ងៃចន្ទ (ទី១៦ ខែមិថុនា)។

លោក Kombos បានប្រាប់អ្នកសារព័ត៌មានថា៖ «មានសំណើសកម្មចំនួន២។ តែយ៉ាងណាក្ដី ជាក់ស្តែង វាអាស្រ័យលើជនស៊ីវិលទាំងនោះមានលទ្ធភាពធ្វើដំណើរទៅកាន់ប្រទេសជិតខាងតាមផ្លូវថ្នល់»។
កាលពីសប្តាហ៍មុន ប្រទេសកោះស៊ីបបានដាក់ឲ្យដំណើរការនូវយន្តការជួយជម្លៀសប្រជាជនប្រទេសទី៣ ពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើចាំបាច់។
ប្រតិបត្តិករព្រលានយន្តហោះ Hermes របស់ប្រទេសនេះ បានឲ្យដឹងថា ជើងហោះហើររាប់សិបវ៉ុលពីតំបន់មជ្ឈិមបូព៌ា ត្រូវបានបង្វែរទៅអាកាសយានដ្ឋាននៅទីក្រុង Larnaca និង Paphos បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន បានផ្អាកជើងហោះហើរទៅ និងមកពីប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការចាប់ផ្តើមនូវជម្លោះជាមួយអ៊ីរ៉ង់។
ដោយមីស៊ីលរបស់អ៊ីរ៉ង់វាយប្រហារតំបន់លំនៅឋានក្នុងទីក្រុងនានារបស់អ៊ីស្រាអែល ជនបរទេសជាច្រើនកំពុងស្វែងរកផ្លូវចេញពីប្រទេសនេះ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសក្រូអាត ប្រចាំនៅអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានប្រាប់ថា ពលរដ្ឋរបស់ខ្លួនចំនួន ២៨នាក់ បានបង្ហាញពីបំណងចង់ជម្លៀសចេញ៕
