ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា រលកនៃការវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី មានគោលដៅលើសង្កាត់ជាច្រើននៅក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្ស ១៤នាក់ និងមនុស្ស ៤៤នាក់ផ្សេងទៀត រងរបួស ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយថា ការវាយប្រហាររបស់រុស្ស៊ី មានគោលដៅលើទីតាំង ២៧កន្លែងនៅក្នុងរដ្ឋធានីគីវ បណ្តាលឲ្យខូចខាតអគារស្នាក់នៅរបស់អ្នកស្រុក ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ។ លោកថា បុរសម្នាក់ បានសម្លាប់ដោយសារត្រូវចំណាំងគ្រាប់ ។

មីស៊ីលបាលីស្ទិកមួយគ្រាប់វាយប្រហារត្រូវចំអគារស្នាក់នៅកម្ពស់ ៩ជាន់នៅក្នុងសង្កាត់ Solomianskyi ស្ថិតក្នុងទីក្រុងគីវ ដោយបានបំផ្លិចបំផ្លាញអគារមួយចំហៀងធំ ។ សេវាកម្មសង្រ្គោះបន្ទាន់ បានរុករកតាមគំនរបាក់បែកអគារ ក្រែងរកឃើញអ្នករស់រាន ។
អភិបាលក្រុងគីវលោក Vitali Klitschko និយាយថា ពលរដ្ឋអាមេរិកវ័យ ៦២ឆ្នាំម្នាក់ បានស្លាប់នៅលំនៅដ្ឋានទល់មុខគ្នា ជាទីដែលក្រុមគ្រូពេទ្យបឋម ព្យាយាមសង្រ្គោះមនុស្ស អំឡុងការវាយប្រហារ ។
អ៊ុយក្រែន និងរុស្ស៊ី បើកការវាយប្រហារដោយយានដ្រូនដូចគ្នា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលភាគីទាំង ២មាននូវជំនួបដោយផ្ទាល់ ២លើក ដើម្បីពិភាក្សាលើការបញ្ចប់សង្រ្គាមរយៈពេលជាង ៣ឆ្នាំមួយនេះ ។
កិច្ចប្រជុំបានបង្កើតឲ្យមានកិច្ចព្រមព្រៀងលើការដោះលែងឈ្លើយសឹក និងប្រគល់ឲ្យមកវិញនូវសាកសាពរបស់ទាហានដែលបានស្លាប់នៅក្នុងសមរភូមិប្រយុទ្ធ ប៉ុន្តែវាប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នោះទេ ៕
