ដោយដកស្រង់សេចក្តីរាយការណ៍របស់សារព័ត៌មាន IRNA ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ ថា មេបញ្ជាការកងទ័ពជាន់ខ្ពស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ បានព្រមានថា ការវាយប្រហាររបស់សាធារណរដ្ឋឥស្លាម ប្រឆាំងអ៊ីស្រាអែល នឹងមានកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានម៉ោងបន្ទាប់។
អ្នកសារព័ត៌មាន AFP បានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារនេះ សំឡេងផ្ទុះខ្លាំងៗ ត្រូវបានឮនៅជុំវិញទីក្រុង Tel Aviv និង Jerusalem បន្ទាប់ពីស៊ីរ៉ែនប្រកាសអាសន្នការវាយឆ្មក់ដែនអាកាស បានបន្លឺឡើងនៅតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែល ហើយយោធាបានព្រមានពីការបាញ់មីស៊ីលថ្មីរបស់អ៊ីរ៉ង់។
យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មិនជាយូរប៉ុន្មានមុននេះ ស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានរកឃើញអត្តសញ្ញាណមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់រដ្ឋអ៊ីស្រាអែល»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា កងទ័ពអាកាសកំពុងតែធ្វើប្រតិបត្តិការស្ទាក់ចាប់ និងវាយប្រហារនៅកន្លែងដែលចាំបាច់ ដើម្បីលុបបំបាត់ការគំរាមកំហែង។ ប្រហែល ២០នាទីក្រោយមក កងទ័ពបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានប្រាប់ថា ប្រជាជនត្រូវបានអនុញ្ញាតឲ្យចាកចេញពីកន្លែងការពារខ្លួន ក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស។
ទូរទស្សន៍រដ្ឋបានដកស្រង់សម្ដីរបស់មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ Kioumars Heydari ដែលបាននិយាយថា៖ «ប្រភេទយានដ្រូនបំផ្លិចបំផ្លាញជាច្រើនគ្រឿង ដែលមានសមត្ថភាពបំផ្លិចបំផ្លាញ និងកំណត់គោលដៅច្បាស់លាស់ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងយុទ្ធសាស្ត្រនៃរបបគាំទ្រលទ្ធិហ្សាអ៊ឺន នៅទីក្រុង Tel Aviv និង Haifa»។
ទោះបីជាមានការអំពាវនាវច្រើនឡើងៗ ឲ្យគូសត្រូវដ៏យូរអង្វែងទាំង២ បញ្ចប់អរិភាពក៏ដោយ ក៏ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានបង្ហាញពីសញ្ញាណាមួយ ក្នុងការកាត់បន្ថយការវាយប្រហារដោយមីស៊ីល ដែលបានចាប់ផ្តើមតាំងពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលអ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់មិនធ្លាប់មានពីមុនមក ដោយដាក់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់៕

