អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងទីស្នាក់ការកណ្តាលនៃទូរទស្សន៍សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ (IRIB) ថា ជាឧក្រិដ្ឋកម្មសង្គ្រាម។
លោកបានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖«ពិភពលោកកំពុងមើល៖ ការកំណត់គោលដៅទៅទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ IRIB កំឡុងពេលផ្សាយផ្ទាល់ គឺជាទង្វើដ៏អាក្រក់នៃឧក្រិដ្ឋកម្ម សង្គ្រាម" ហើយបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់អ្នកឈ្លានពានប្រល័យពូជសាសន៍»។

អ៊ីស្រាអែលបានវាយប្រហារទីស្នាក់ការកណ្តាល IRIB ក្នុងក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ។ ការវាយប្រហារ នោះ បានបង្កឲ្យអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ។ ការវាយប្រហារភ្លាមៗរបស់អ៊ីស្រាអែល ត្រូវបានគេថតផ្សាយបន្តផ្ទាល់។ ការផ្សាយបន្តផ្ទាល់នោះ ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការវាយប្រហារ។
