ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ បានរាយការណ៍ថា ការផ្ទុះនៅរោងចក្រផលិតកាំជ្រួច ក្នុងខេត្ត Hunan នៅភាគខាងត្បូងនៃប្រទេសចិន បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់បាត់បង់ជីវិត និង ២៦នាក់ផ្សេងទៀតរងរបួស។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨:២៣នាទីព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ០០:២៣នាទី ម៉ោងសកល) កាលពីថ្ងៃចន្ទ នៅឯរោងចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hunan Shanzhou Fireworks Company Ltd. ក្នុងតំបន់ភ្នំដែលមានចម្ងាយជាង ៦០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Changde។
រូបភាពវីដេអូដែលត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញឲ្យឃើញសំណុំផ្សែងខ្មៅ និងប្រផេះ ហុយទ្រលោមទៅលើមេឃ ស្របពេលកាំជ្រួចបានផ្ទុះចេញពីអគ្គិភ័យដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈសេវាសង្គ្រោះបន្ទាន់បានធ្វើការនៅកន្លែងកើតហេតុយ៉ាងប្រុងប្រយ័ត្ន។ សារព័ត៌មាន Xinhua បានបន្ថែមថា ក្រុមមួយមកពីក្រសួងគ្រប់គ្រងគ្រាអាសន្ន ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុការណ៍ផ្ទុះនោះផងដែរ។
គួរបញ្ជាក់ថា ការផ្ទុះនេះកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការផ្ទុះនៅរោងចក្រគីមីមួយ នៅភាគឦសានប្រទេសចិន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ ហើយវាបង្ហាញពីហានិភ័យនៃការស្តុកទុកសារធាតុគីមីគ្រោះថ្នាក់ និងងាយឆេះ នៅក្នុងក្រុមហ៊ុនផលិតធំៗរបស់ពិភពលោក បើទោះបីជាមានការបង្ក្រាបជាច្រើនឆ្នាំ ចំពោះការអនុវត្តមិនមានសុវត្ថិភាពក៏ដោយ៕