ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា ពួកគេបានចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយនិងលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ដើម្បីជួយការពារភាពចលាចលបន្ថែមទៀតនៅក្នុងតំបន់ ។
ដោយពុំបានផ្តល់រឿងរ៉ាវលម្អិតនៃកិច្ចខិតខំជម្លៀសខ្លួន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយថា ស្ថានទូត និងស្ថានកុងស៊ុល បានផ្តល់ជំនួយដល់អ្នកដែលស្វែងរកការជម្លៀសខ្លួនចេញពីប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីជម្លោះផ្ទុះឡើង ។
នៅព្រឹកថ្ងៃអង្គារនេះ ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ីស្រាអែល បានជំរុញឲ្យប្រជាពលរដ្ឋចិនវិលត្រឡប់ទៅផ្ទះវិញ ឬចាកចេញពីប្រទេសមួយនេះ តាមច្រកព្រំដែនផ្លូវគោក ឲ្យបានឆាបតាមដែលអាចធ្វើទៅបាន តាមផ្លូវគោកដែលស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅ ហើយដែនអាកាសអ៊ីស្រាអែលបន្តបិទ ។
សេចក្តីជូនដំណឹងនេះ បានណែនាំឲ្យពលរដ្ឋចិន ចាកចេញតាមច្រកព្រំដែនទៅកាន់ប្រទេសហ៊្សកដានី ។
លោក Guo បន្តថា ក្រុមអាជ្ញាធរចិន កំពុងទាក់ទងជាមួយអ៊ីរ៉ង់ អ៊ីស្រាអែល និងភាគីជាច្រើនទៀត ដើម្បីលើកកម្ពស់បទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការ ។
លោកបន្តដោយពុំបានបញ្ជាក់ពីឈ្មោះប្រទេសថា ចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៊ីស្រាអែល ឲ្យបំពេញទំនួលខុសត្រូវរបស់ពួកគេ ចាត់វិធានការភ្លាមៗ ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹង និងការពារជម្លោះពីការកើនឡើង និងរីករាលដាលបន្ថែមទៀត ៕