រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអាវុធ លើអ៊ីស្រាអែល ខណៈដែលសង្រ្គាម នៅតំបន់ហ្កាហ្សា អូសបន្លាយ ហើយបានជំរុញឲ្យបន្តការចរចា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
តាមរយៈទូរទស្សន៍ Bloomberg លោក Albares បានលើកឡើងថា៖ «ពួកយើង សហភាពអឺរ៉ុប (EU) គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល នៅក្នុងពិភពលោកនេះ។ សម្រាប់ដៃគូអឺរ៉ុបរបស់យើង យើងត្រូវតែដាក់ចេញនូវទណ្ឌកម្មអាវុធ មិនមែនលក់អាវុធឲ្យទៅអ៊ីស្រាអែលនោះទេ ដរាបណាសង្រ្គាម នៅតែបន្តមាន»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា លោកចង់ឲ្យ EU ចាត់វិធានការដូចដែលប្លុកនេះបានធ្វើ បន្ទាប់ពីមានការលុកលុយទាំងស្រុងរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដើម្បីប្រឹងប្រែងសម្រេចឲ្យបានសន្តិភាព។
លើសពីនោះទៀត លោករដ្ឋមន្ត្រីមានការសោកស្តាយដែលមិនមានសញ្ញានៃការបន្ថយភាពតានតឹង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យមានការចរចាឡើងវិញ ជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរប្រទេសនេះ៕