ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកចង់ឲ្យមានការបញ្ចប់ពិតប្រាកដបញ្ហានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ក្នុងនោះអ៊ីរ៉ង់ត្រូវតែបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង ។
លោកបានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវលោកវិលត្រឡប់ពីកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7 នៅប្រទេសកាណាដា ។
លោក Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា ត្រូវតែបោះបង់ចោលវាទាំងស្រុង ។ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ វាគឺជារឿងសាមញ្ញាបំផុត ។
សង្រ្គាមតាមច្រកអាកាសរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ហើយនិងបានចាប់ផ្តើមឡើងកាលពីថ្ងៃសុក្រ ពេលដែលអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តាមច្រកអាកាសនោះ បានធ្វើឲ្យកើតមានការព្រួយបារម្ភនៅក្នុងតំបន់ដែលស្ថិតនៅក្នុងស្ថានភាពទាល់ច្រករួចទៅហើយ ចាប់តាំងពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ។
លោក Trumpនិយាយថា លោកអាចនឹងបញ្ជូនប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff ឬលោកអនុប្រធានាធិបតី JD Vance ទៅជួបជាមួយអ៊ីរ៉ង់ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តថា វាអាស្រ័យលើអ្វីកើតឡើង ពេលដែលលោកវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។
អ៊ីស្រាអែល សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានព្យាយាមដាក់សម្ពាធអ៊ីរ៉ងជាយូរមកហើយ ដើម្បីទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ ។
ទីក្រុងតេអេរ៉ង់ បានច្រានចោលការស្វែងរកអាវុធនុយក្លេអ៊ែរ ហើយពួកគេនិយាយថា ខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕