វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ បានលើកឡើងថា លោកប្រធានាធិបតីអាមេរិក Donald Trump និយាយត្រូវ ក្នុងការអះអាងថា វាគឺជាកំហុសដ៏ធំមួយ ក្នុងការដករុស្ស៊ីចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៨ ឬG8 ក្នុងឆ្នាំ២០១៤ ប៉ុន្តែបញ្ជាក់ថា ប្លុកដែលលឥឡូវនេះហៅកាត់ថា G7 នោះ លែងសំខាន់សម្រាប់រុស្ស៊ីទៀតហើយ ហើយផ្ទុយទៅវិញ មើលទៅ «គ្មានសារប្រយោជន៍» អ្វីសោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី១៦ ខែមិថុនា) អំឡុងកិច្ចប្រជុំកំពូលនៃក្រុមទាំង៧ ឬ G7 នៅក្នុងប្រទេសកាណាដា លោក Trump បាននិយាយថា G8 បានបង្កើតនូវកំហុសឆ្គង ក្នុងការដករុស្ស៊ីចេញពីក្រុម នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះបានបញ្ចូលតំបន់គ្រីម៉ារបស់អ៊ុយក្រែនជាដែនដីឧបសម្ព័ន្ធ។
លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា «នេះគឺជាកំហុសដ៏ធំមួយ» ដោយលោកបានបន្ថែមថា លោកជឿថា រុស្ស៊ីនឹងមិនលុកលុយរុករានអ៊ុយក្រែន នៅឆ្នាំ២០២២ ឡើយ ប្រសិនបើប្រធានាធិបតីលោក Vladimir Putin មិនត្រូវបានដកចេញពីក្រុមមេដឹកនាំទេនោះ។ លោក Trump បាននិយាយទៀតថា លោក Putin «ជាធម្មតា មិនជជែកជាមួយអ្នកដែលបានយករូបគាត់ចេញនោះទេ ហើយខ្ញុំយល់ស្របជាមួយគាត់»។
បន្ទាប់ពីមានការលើកឡើងរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងយល់ស្របជាមួយលោកប្រធានាធិបតី Trump ដែលថា វាគឺជាកំហុសដ៏ធំមួយ នាពេលនោះ ក្នុងការដករុស្ស៊ីចេញពីក្រុម G8»។ លោកបានបញ្ជាក់បន្ថែមថា G7 បាន «បាត់បង់សារៈសំខាន់ជាក់ស្តែង» ហើយ សម្រាប់ប្រទេសរុស្ស៊ី ដោយពិចារណាលើស្ថានភាពនៃកិច្ចការពិភពលោកបច្ចុប្បន្ន៕