លោកប្រធានាធិបតី Donald Trump បានអំពាវនាវឱ្យអ៊ីរ៉ង់ "ចុះចាញ់ដោយគ្មានលក្ខខណ្ឌ" កាលពីថ្ងៃអង្គារ១៧មិថុនា ហើយបានព្រមានថាការអត់ធ្មត់របស់សហរដ្ឋអាមេរិកសល់កាន់តែតិច ប៉ុន្តែបាននិយាយថា ពុំមានចេតនាភ្លាមៗដើម្បីសម្លាប់មេដឹកនាំអ៊ីរ៉ង់នៅពេលនេះទេ ស្របពេលសង្រ្គាមផ្លូវអាកាសរវាង អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានបន្តឈានចូលដល់ថ្ងៃទី៦។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយក្នុងពេលជាមួយគ្នាថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei អាចប្រឈមជោគវាសនាដូចគ្នានឹងប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein ដែលត្រូវបានផ្តួលរំលំក្នុងការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក និងព្យួរកនៅឆ្នាំ ២០០៦បន្ទាប់ពីការកាត់ក្តី។
លោក Katz បានប្រាប់ក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលថា លោកព្រមានមេដឹកនាំអ៊ីរ៉ង់កុំឲ្យបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងបាញ់មីស៊ីលទៅលើពលរដ្ឋអ៊ីស្រាអែល។
ការផ្ទុះត្រូវបានគេរាយការណ៍ក្នុងទីក្រុងតេអេរ៉ង់(Tehran) និងទីក្រុង អ៊ីស្វហាន (Isfahan) នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈអ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលបន្ថែមទៀតឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ហើយសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងក្នុងទីក្រុង Tel Aviv និងភាគខាងត្បូងអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារលើទីតាំងបាញ់មីស៊ីល និងកន្លែងស្តុកទុកចំនួន១២ ក្នុងទីក្រុងតេអេរ៉ង់។
ការអត្ថាធិប្បាយរបស់លោក Trump ដែលត្រូវបានចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីជំហរកាន់តែគឃ្លើនចំពោះអ៊ីរ៉ង់ ខណៈលោកថ្លឹងថ្លែងថាតើអាមេរិកត្រូវលូកដៃចូលកាន់តែជ្រៅថែមទៀត ឬយ៉ាងណា៕


