ទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧០ នាក់ និងរបួសរាប់រយនាក់ ខណៈពួកគេស្វែងរកជំនួយនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបាញ់រះលើពួកគេដោយគ្រាប់កាំភ្លើងធំ កាំភ្លើងយន្ត និងយានដ្រូន។ អ្នកបាត់បង់ជីវិតទាំងនោះស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ៨៩នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទូទាំងតំបន់រងការឡោមព័ទ្ធមួយនេះ ចាប់តាំងពីព្រឹកព្រលឹម។
ទាហានអ៊ីស្រាអែលបានបាញ់ទៅលើហ្វូងអ្នកស្វែងរកជំនួយដែលអស់សង្ឃឹមកាលពីព្រឹកថ្ងៃអង្គារ ខណៈពួកគេបានប្រមូលផ្តុំគ្នានៅតាមផ្លូវដ៏សំខាន់មួយនៅភាគខាងកើតនៃទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា។ហេតុការណ៍នេះគឺជាការសម្លាប់រង្គាលចុងក្រោយបង្អស់ ចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល (GHF) បានចាប់ផ្តើមប្រតិបត្តិការដើម្បីចែកចាយអាហារនៅក្នុងទឹកដីនេះកាលពីបីសប្តាហ៍មុន។
ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ទន្ទឹមនឹងអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Nasser ជាទីដែលរបួសកំពុងត្រូវបានព្យាបាល។
អ្នកនាំពាក្យការពារជនស៊ីវិលហ្កាហ្សា លោក Mahmud Bassal បានបន្ថែមថា មនុស្សជាង ២០០ នាក់បានរងរបួស ទោះបីជារបាយការណ៍ទាក់ទងនឹងចំនួនអ្នកស្លាប់ និងរបួសខុសគ្នាក៏ដោយ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា យានដ្រូនរបស់អ៊ីស្រាអែលបានបាញ់ទៅលើពលរដ្ឋ ប៉ុន្មាននាទី ក្រោយមកបានបាញ់គ្រាប់កាំភ្លើងធំ លើពលរដ្ឋទៀត ទើបនាំឱ្យមានមនុស្សស្លាប់ និងរងរបួសច្រើន ដោយបញ្ជាក់ថាហ្វូងមនុស្សបានប្រមូលផ្តុំគ្នាទាំងក្ដីសង្ឃឹមថានឹងទទួលបានម្សៅមី៕