ក្រុមអ្នកជំនាញបាននិយាយថា កម្លាំងផ្នែកដែនអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល គ្របលើលំហអាកាសអ៊ីរ៉ង់ ដូច្នេះមិនសូវបង្កជាឧបសគ្គច្រើនទេនៅក្នុងវិធីសាស្រ្តនៃការពង្រីកការទម្លាក់គ្រាប់បែករបស់ខ្លួន ប៉ុន្តែអ៊ីស្រាអែល នៅតែជួបការលំបាកខ្លាំងដើម្បីសន្ធាប់ការវាយលុកជ្រៅៗទៅកាន់ទីតាំងនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់ ប្រសិនបើពុំមានវត្តមានសហរដ្ឋអាមេរិក ចូលរួមការវាយប្រហារទេនោះ។

ទោះជាអ៊ីរ៉ង់ បានឆ្លើយតបជាមួយនឹងការវាយប្រហារមីស៊ីលដ៏កម្រោលលើទីក្រុងនានារបស់អ៊ីស្រាអែលវិញក៏ដោយ ប៉ុន្តែអ៊ីស្រាអែល បានបង្ហាញភាពលេចធ្លោខាងផ្នែកយោធា និងចារកម្មសម្ងាត់របស់ខ្លួន ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល បានហោះឆ្លងកាត់ដែនអាកាសមជ្ឈិមបូព៌ា ទៅវាយកម្ទេចមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ ឃ្លាំងផ្ទុកមីស៊ីល សម្លាប់អ្នកវិទ្យាសាស្ត្រ និងឧត្តមសេនីយ៍ជាន់ខ្ពស់ជាច្រើន - ក្នុងចំណោមគោលដៅផ្សេងទៀត។
កាលថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីអ៊ីស្រាអែលជាច្រើននាក់បានប្រកាសថា ខ្លួនបានបង្កើតឧត្តមភាពផ្លូវអាកាសគ្របលើអ៊ីរ៉ង់។ យោធាអ៊ីស្រាអែល បានប្រដូចការគ្រប់គ្រងលើផ្ទៃមេឃអ៊ីរ៉ង់ ទៅនឹងការបញ្ជាដែនអាកាសរបស់ខ្លួនលើសង្វៀនផ្សេងទៀតនៃជម្លោះ ជាមួយសត្រូវដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជានៅតំបន់ហ្កាហ្សា និងលីបង់ ជាទីដែលអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកតាមអំពើចិត្ត។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃចន្ទថា អំណាចគ្រប់គ្រងរបស់អ៊ីស្រាអែល លើលំហអាកាសអ៊ីរ៉ង់ គឺជា "ចំណុចផ្លាស់ប្តូរស្ថានការណ៍"។ ប៉ុន្តែទោះជាក្រុមមន្ត្រីអ៊ីស្រាអែល អួតសរសើរពីការខូចខាតដែលខ្លួនបានធ្វើកន្លងមកក៏ដោយ ក៏អ្នកជំនាញទទួលស្គាល់ជាសាធារណៈថា អ៊ីស្រាអែល នឹងមិនអាចលុបចោលកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុងបានទេ - លុះត្រាតែសហរដ្ឋអាមេរិកចូលរួមយុទ្ធនាការជាមួយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលអាចទម្លាក់គ្រាប់យុទ្ធភ័ណ្ឌ ជាមួយនឹងអានុភាពក្នុងការជ្រៀតចូលទីតាំងដែលកប់នៅក្រោមដីយ៉ាងជ្រៅ៕


