សេតវិមានបាននិយាយកាលពីថ្ងៃអង្គារទី១៧ ខែមិថុនាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅសប្តាហ៍នេះនឹងផ្តល់ការបន្ថែមពេលឲ្យក្រុមហ៊ុន TikTok រយៈពេល៩០ថ្ងៃថ្មីបន្ថែមទៀត ដើម្បីស្វែងរកអ្នកទិញពុំមែនជាជនជាតិចិន ខណៈ នេះជាលើកទី៣ដែលលោកពន្យាពេលបម្រាមដែលបានគំរាមលើកម្មវិធីដ៏ពេញនិយមមួយនេះ។

ច្បាប់សហព័ន្ធ តម្រូវឱ្យមានការលក់ក្រុមហ៊ុន TikTok បើមិនដូច្នេះទេត្រូវបានហាមឃាត់ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ដែលត្រូវចូលជាធរមាននៅមុនថ្ងៃពិធីឡើងកាន់តំណែងកាលពីខែមករា របស់លោក Trump។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «លោកប្រធានាធិបតី Trump នឹងចុះហត្ថលេខាលើក្រឹត្យបន្ថែមពេលនៅសប្តាហ៍នេះ ដើម្បីរក្សាទុកក្រុមហ៊ុន TikTok ឱ្យនៅដំណើរការ។ ដូចដែលលោកបាននិយាយជាច្រើនដងរួចមកហើយថា លោក ប្រធានាធិបតី Trump មិនចង់ឱ្យក្រុមហ៊ុន TikTok បញ្ឈប់សកម្មភាពនោះទេ»។
ការបន្ថែមពេល នឹងមានរយៈពេល៩០ថ្ងៃ ដែលរដ្ឋបាលនេះនឹងចំណាយពេលធ្វើការដើម្បីទទួលបានកិច្ចព្រមព្រៀង ដូច្នេះប្រជាជនអាមេរិក អាចបន្តប្រើប្រាស់កម្មវិធី TikTok ដោយមានការធានាបានថាទិន្នន័យរបស់ពួកគេ មានសុវត្ថិភាព និងសន្តិសុខ។