កងកម្លាំងរុស្ស៊ី បានវាយកម្ទេចផ្នែកមួយនៃប្លុកផ្ទះល្វែងក្នុងទីក្រុងគីវ កាលពីថ្ងៃអង្គារ (១៧ មិថុនា) នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែន ក្នុងឆ្នាំនេះ ខណៈរលកធំៗនៃយានដ្រូន និងមីស៊ីលរាប់រយគ្រឿង បានវាយស្រោចលើទីក្រុងជាច្រើនទូទាំងប្រទេសអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ និងរបួសជាង ១៥០នាក់។

ក្រុមមន្ត្រីអ៊ុយក្រែន បានប្រកាសកាន់ទុក្ខមួយថ្ងៃនៅថ្ងៃពុធ (១៨ មិថុនា) នេះ សម្រាប់ជនរងគ្រោះនៅក្នុងអ្វីដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានពិពណ៌នាថា ជាការវាយប្រហារដ៏គួរឱ្យរន្ធត់បំផុតមួយលើរដ្ឋធានីក្នុងអំឡុងពេលសង្រ្គាម។ អាជ្ញាធរបាននិយាយថា មនុស្ស ១៦នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងគីវ និង ២នាក់ទៀតនៅក្រុងកំពង់ផែ Odesa។
លោក Zelenskiy និយាយថា កងកម្លាំងរុស្ស៊ី បានបាញ់យានដ្រូន ៤៤០គ្រឿង និងមីស៊ីល ៣២គ្រាប់ ទៅកាន់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានប្រាប់កិច្ចប្រជុំកំពូល G7 នៅកាណាដាថា ការវាយប្រហារនេះបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតនូវតម្រូវការចាំបាច់បំផុតសម្រាប់ប្រព័ន្ធការពារដែនអាកាសកាន់តែប្រសើរឡើង។
បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅអ៊ុយក្រែន បាននិយាយថា នោះគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅឆ្នាំនេះលើទីក្រុងគីវ ហើយបានគូសបញ្ជាក់ពីគ្រោះថ្នាក់នៃការប្រើប្រាស់អាវុធបែបនេះលើទីក្រុងធំៗ។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានប្រើមីស៊ីលបាញ់ពីផ្លូវអាកាស ដីគោក និងសមុទ្រ រួមទាំងយានដ្រូន ដើម្បីវាយប្រហារ "គោលដៅអគារឧស្សាហកម្មយោធាអ៊ុយក្រែន" នៅក្នុងតំបន់គីវ និងខេត្ត Zaporizhzhia ភាគខាងត្បូង៕

