ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចាកចេញពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំងប្រាំពីរ ឬ G7 ក្នុងប្រទេសកាណាដា កាលពីថ្ងៃអង្គារសប្ដា៍នេះជាមួយនឹងកញ្ចប់ជំនួយថ្មីពីម្ចាស់ផ្ទះកាណាដា សម្រាប់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែដោយគ្មានសេចក្តីថ្លែងការណ៍រួមនៃការគាំទ្រពីសមាជិក ឬឱកាសជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទេ។

លោក Zelenskyy បាននិយាយថារូបលោកបានប្រាប់ក្រុមមេដឹកនាំ G7 ថា "ឥឡូវនេះការទូតស្ថិតក្នុងស្ថានភាពវិបត្តិ" ហើយបាននិយាយថាមេដឹកនាំទាំងនោះចាំបាច់ត្រូវបន្តអំពាវនាវឱ្យលោក Trump "ប្រើឥទ្ធិពលពិតប្រាកដរបស់លោក" ដើម្បីបង្ខំឱ្យបញ្ចប់សង្រ្គាម។
ប្រទេសអ្នកមានទាំង៧(G7) បានតស៊ូស្វែងរកការរួបរួមជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Trump បានបង្ហាញការគាំទ្រចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយបានចាកចេញមួយថ្ងៃមុន ដើម្បីថ្លែងទៅកាន់សភាអំពីស្ថានភាពជម្លោះ រវាង អ៊ីស្រាអែលនិងអ៊ីរ៉ង់ពីទីក្រុង Washington។
មន្ត្រីកាណាដាបានប្រាប់អ្នកសារព័ត៌មានថា កាណាដា បានទម្លាក់ចោលផែនការសម្រាប់ G7 ដើម្បីចេញសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ទីក្រុង Ottawa នឹងផ្តល់ជំនួយយោធាថ្មីចំនួន ២ពាន់លានដុល្លារកាណាដា ឬស្មើនឹង១,៤៧ពាន់លានដុល្លារអាមេរិក សម្រាប់ទីក្រុង Kyiv ក៏ដូចជាការដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីលើរុស្ស៊ី៕

