ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីប្រធានសន្តិសុខរបស់ទីក្រុងមូស្គូដែលបាននិយាយកាលពីថ្ងៃអង្គារ ក្នុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងថា ប្រទេសកូរ៉េខាងជើង នឹងបញ្ជូនអ្នកសាងសង់និងទាហានវិស្វកម្ម ដើម្បីជួយស្ដារឡើងវិញតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ក្រោយការវាយលុករបស់អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា លោក Sergei Shoigu ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបពិភាក្សាជាមួយមេដឹកនាំ លោក Kim Jong Un នៅក្នុងប្រទេសកូរ៉េខាងជើងជាលើកទីពីរក្នុងរយៈពេលមិនដល់ពីរសប្តាហ៍នោះទេ។ ប្រទេសកូរ៉េខាងជើង បានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងអំឡុងពេលការវាយលុករបស់អ៊ុយក្រែនរយៈពេលជាង៣ឆ្នាំមកនេះ ដោយបានបញ្ជូនទាហានរាប់ពាន់នាក់ដើម្បីជួយវិមានក្រឹមឡាំងវាយបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីក្រុង Kursk ។ បច្ចុប្បន្ន ទីក្រុងព្យុងយ៉ាង កំពុងបញ្ជូនកងកម្លាំងយោធាជំនាញបន្ថែមទៀត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។ លោក Shoigu បាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងបញ្ជូន «ក្រុមអ្នកសាងសង់ កងពលតូចយោធាចំនួនពីរក្រុម មានមនុស្ស៥.០០០នាក់» ខណៈមានអ្នកដោះមីនចំនួន១.០០០នាក់ ទៅកាន់តំបន់ Kursk ។

លោក Shoigu និយាយថា «នេះគឺជាជំនួយជាបងប្អូនមកពីប្រជាជនកូរ៉េ និងមេដឹកនាំ លោក Kim Jong Un ទៅកាន់ប្រទេសរបស់យើង»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក្រោយមកបានពណ៌នាពីជំនួបនេះថា កំពុងដំណើរការនៅក្នុង «បរិយាកាសមិត្តភាព និងទំនុកចិត្ត» ដោយនិយាយថា លោក Kim បានបញ្ជាក់ពីផែនការសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ទូលាយមួយកាលពីឆ្នាំមុន រួមទាំងខសន្យាការពារទៅវិញទៅមក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្ររបស់លោកPutin ទៅកាន់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ខណៈទីក្រុងព្យុងយ៉ាងបាននិងកំពុងផ្តល់អាវុធដល់រុស្ស៊ីដើម្បីគាំទ្រការវាយលុកលើអ៊ុយក្រែន។