ប្រទេសឥណ្ឌា និងកាណាដា បានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ ទី១៧ មិថុនា ក្នុងការបញ្ជូនត្រឡប់ទៅវិញឯកអគ្គរដ្ឋទូតទៅកាន់រដ្ឋធានីទៅវិញទៅមក ដោយបង្វែរទំព័រនៃជម្លោះដ៏ជូរចត់ ជុំវិញការធ្វើឃាតអ្នកផ្តាច់ខ្លួនសាសនាស៊ីក ខណៈមេដឹកនាំថ្មីរបស់ប្រទេសកាណាដា បានស្វាគមន៍សមភាគីឥណ្ឌា លោក Narendra Modi ។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលបានចូលកាន់តំណែងកាលពីខែមីនា បានអញ្ជើញលោក Modi ទៅកាន់ប្រទេសកាណាដា ជាភ្ញៀវនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំងប្រាំពីរ ឬG7។

លោក Justin Trudeau ជាអ្នកកាន់តំណែងមុនលោក Carney កាលពីឆ្នាំមុនបានចោទប្រកាន់ប្រទេសឥណ្ឌាជាសាធារណៈអំពីការជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតអ្នកផ្តាច់ខ្លួនសាសនាស៊ីកនៅលើទឹកដីកាណាដា ហើយបានបណ្តេញឯកអគ្គរដ្ឋទូតឥណ្ឌា ដែលបង្កឱ្យមានការឆ្លើយតបដោយបដិការយ៉ាងខឹងសម្បារពីសំណាក់ប្រទេសឥណ្ឌា។
ការិយាល័យនាយករដ្ឋមន្ត្រីកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មេដឹកនាំទាំងពីរ បានធ្វើការសម្រេចចិត្ត «ក្នុងគោលបំណងត្រឡប់ទៅរកសេវាជាប្រក្រតីដល់ប្រជាជន និងអាជីវកម្មនៅក្នុងប្រទេសទាំងពីរ» ។