ប្រភពពីមន្ត្រីអាមេរិក ៣រូបបាននិយាយថា យោធាសហរដ្ឋអាមេរិក កំពុងដាក់ពង្រាយយន្តហោះចម្បាំងបន្ថែមទៅតំបន់មជ្ឈិមបូព៌ា និងពង្រីកការបញ្ជូនយន្តហោះចម្បាំងផ្សេងទៀត ក្នុងការពង្រឹងកងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ ខណៈសង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តផ្ទុះឡើងយ៉ាងក្ដៅគគុក។

មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា ការដាក់ពង្រាយយុទ្ធោបករណ៍រួមមាន យន្តហោះចម្បាំង F-16, F-22 និង F-35 ។ មន្ត្រីពីររូបបានសង្កត់ធ្ងន់ថា នោះជាវិធីសាស្រ្តការពារព្រោះការបញ្ជូនយន្តហោះចម្បាំង ត្រូវបានប្រើដើម្បីបាញ់ទម្លាក់យានដ្រូន និងគ្រាប់ផ្លោង។ មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍លើកដំបូងកាលថ្ងៃចន្ទសប្ដាហ៍នេះអំពីការចល័តនៃយន្តហោះដឹកប្រេងមួយចំនួនធំទៅកាន់អឺរ៉ុប ក៏ដូចជាការដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ជាជម្រើសដល់លោកប្រធានាធិបតី Donald Trump នៅពេលភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងទប់មិនជាប់។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានពណ៌នាការដាក់ពង្រាយនេះថា ជាវិធីសាស្រ្តការពារតាមធម្មតាប៉ុណ្ណោះ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមការការពារកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា ពីលទ្ធភាពនៃការវាយប្រហារពីសំណាក់អ៊ីរ៉ង់ និងកងកម្លាំងសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅក្នុងតំបន់។
គួរឱ្យដឹងថា សហរដ្ឋអាមេរិកមានកងកម្លាំងទំហំដ៏ធំរួចទៅហើយនៅមជ្ឈិមបូព៌ា ដោយមានកងទ័ពជិត ៤ម៉ឺននាក់នៅក្នុងតំបន់ រួមទាំងប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើន ដែលអាចពិនិត្យឃើញ ស្ទាក់ចាប់បាន និងបាញ់ទម្លាក់មីស៊ីលរបស់សត្រូវ៕


