សមាជិកនៃចលនាហ៊ួទី នៃប្រទេសយេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ Al Jazeera Mubasher កាលពីថ្ងៃអង្គារ (១៧ មិថុនា) ថា ក្រុមសកម្មប្រយុទ្ធនេះនឹងធ្វើអន្តរាគមន៍គាំទ្រអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ដូចដែលខ្លួនបានធ្វើនៅក្នុងការគាំទ្រជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលជាសរមភូមិមុខមួយផ្សេងទៀតរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស។

លោក Mohammed al-Bukhaiti សមាជិកនៃការិយាល័យនយោបាយរបស់ចលនាហ៊ួទី ក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍ដដែលនេះថា ក្រុមរបស់ខ្លួនកំពុងសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ ក្នុងអំឡុងពេលកំណើនភាពតានតឹងផ្នែកយោធាយ៉ាងខ្លាំងក្លាជាមួយអ៊ីស្រាអែល។

ក្រុមប្រដាប់អាវុធ ហ៊ួទី ដែលបាននិងកំពុងបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលក្នុងការគាំទ្រប៉ាឡេស្ទីននៅតំបន់សង្រ្គាមហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ថា ពួកគេបានវាយប្រហារកំណត់គោលដៅលើអ៊ីស្រាអែល ក្នុងការសម្របសម្រួលជាមួយអ៊ីរ៉ង់ ដោយនោះលើកទីមួយហើយ ដែលក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ បានប្រកាសជាសាធារណៈនូវកិច្ចសហប្រតិបត្តិការរួមគ្នារបស់ពួកគេលើការវាយប្រហារជាមួយទីក្រុងតេអេរ៉ង់៕
