ក្រុមមន្ត្រីកងកម្លាំងការពារអ៊ីស្រាអែល IDF បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា យោធាអ៊ីស្រាអែលប៉ាន់ប្រមាណថា ខ្លួននឹងសម្រេចបានគោលបំណងរបស់ខ្លួនប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងរយៈពេលមួយឬពីរសប្តាហ៍។

IDF បាននិយាយថា ការប៉ាន់ប្រមាណនេះ បានកើតឡើងស្របពេលអ៊ីស្រាអែលបន្តប្រតិបត្តិការប្រឆាំងនឹងកងកម្លាំង និងកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ដោយកងកម្លាំងអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងការបាញ់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅភាគខាងលិចប្រទេសអ៊ីរ៉ង់។
យោធាបាននិយាយថា យន្តហោះចម្បាំងបានវាយកម្ទេចជើងទម្របាញ់មីស៊ីលរាប់សិបគ្រឿង និងកន្លែងផ្សេងទៀត។
អ្នកនាំពាក្យ IDF លោកឧត្តមសេនីយ Effie Defrin បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែលចំនួន៦០គ្រឿងបានចេញដំណើរសម្រាប់ "ការវាយប្រហារយ៉ាងទូលំទូលាយនៅក្នុងបេះដូងនៃប្រទេសអ៊ីរ៉ង់" ប៉ុន្មានម៉ោងមុននេះ ដោយបានកំណត់គោលដៅទប់ស្កាត់ការបាញ់ប្រហារសំដៅទៅលើអ៊ីស្រាអែល។
លោកបាននិយាយថា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កម្លាំងរបស់អ៊ីរ៉ង់បានដកថយទៅកាន់កណ្តាលអ៊ីរ៉ង់។ឥឡូវនេះ ពួកគេកំពុងប្រឹងប្រែងបាញ់មីស៊ីលពីទីក្រុង Isfahan៕


