ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះបញ្ចេញសំណុំផេះរាប់គីឡូម៉ែត្រដ៏ធំឡើងលើមេឃ ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់សិបជើងទៅកាន់ និងមកពីកោះបាលី។ ទីភ្នាក់ងារភ្នំភ្លើងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្នំភ្លើងភ្លោះ Lewotobi Laki-Laki កម្ពស់ ១.៥៨៤ម៉ែត្រ លើកោះទេសចរណ៍ Flores ភាគខាងកើតកោះបាលី បានផ្ទុះឡើងនៅម៉ោង ៥:៣៥នាទីល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ (១៧ មិថុនា)។

ទីភ្នាក់ងារភ្នំភ្លើងនេះនិយាយថា "កម្ពស់នៃបន្ទុះត្រូវបានសង្កេតឃើញនៅកម្រិតប្រហែល ១០.០០០ម៉ែត្រ ឬស្មើនឹង ១០គីឡូម៉ែត្រពីលើកំពូលភ្នំ។ សំណុំផ្សែងត្រូវបានសង្កេតឃើញថាមានពណ៌ប្រផេះជាមួយនឹងអាំងតង់ស៊ីតេដ៏ក្រាស់ឃ្មឹក"។
ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រ លោក Muhammad Wafid បាននិយាយថា អ្នកស្រុក និងអ្នកទេសចរគួរតែជៀសវាងការធ្វើសកម្មភាពណាមួយក្នុងចម្ងាយយ៉ាងតិច ៧គីឡូម៉ែត្រនៃតំបន់បន្ទុះភ្នំភ្លើង។
ក្រុមមន្ត្រីបានបង្កើនកម្រិតប្រកាសអាសន្នគ្រោះមហន្តរាយឥណ្ឌូនេស៊ី ដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធ ៤ថ្នាក់ ដើម្បីឆ្លើយតបនឹងបន្ទុះភ្នំភ្លើងនេះ។ រហូតមកទល់ពេលនេះ ពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងរបួសទេ។ គួរឱ្យដឹងថា ឥណ្ឌូនេស៊ីជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើតំបន់ "កងភ្លើងប៉ាស៊ីហ្វិក"៕

