ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ (១៧ មិថុនា) បានគូសបញ្ជាក់ពីទស្សនៈខុសគ្នារបស់លោកជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ជុំវិញបញ្ហាអ៊ីរ៉ង់ ដោយហាក់ដូចជាមិនយល់ស្របលើសកម្មភាពយោធាដ៏តឹងរ៉ឹងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ឡើយ ដែលអាចនាំឱ្យការផ្លាស់ប្តូររបប និងធ្វើឱ្យអ៊ីរ៉ង់ រួមទាំងតំបន់ទាំងមូល មានភាពវឹកវរ។

ចាប់តាំងពីព្រឹកថ្ងៃអង្គារមក លោក Trump បានបង្កើនវោហាសាស្ត្រធ្ងន់ៗដែលទាមទារឱ្យអ៊ីរ៉ង់ "ចុះចាញ់ដោយគ្មានលក្ខខណ្ឌ" និងបានព្រមានថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិក ជិតអស់ហើយ ខណៈសង្រ្គាមផ្លូវអាកាសអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តផ្ទុះឡើងជាច្រើនថ្ងៃ។
លោក Macron បាននិយាយថា លោក Trump ហាក់ដូចជាបានផ្លាស់ប្តូរគំនិតរបស់លោក ចាប់តាំងពីជំនួបមេដឹកនាំ G7 នៅប្រទេសកាណាដាកាលពីថ្ងៃចន្ទមក ជាពេលដែលលោក Macron បានអះអាងថា លោក Trump បានប្រាប់ប្រមុខដឹកនាំថា អាមេរិកកំពុងជំរុញឱ្យមានបទឈប់បាញ់។

ប្រធានាធិបតីបារាំងរូបនេះបានលើកឡើងថា "គ្រប់គ្នាមិនចង់ឱ្យអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរទេ។ ប៉ុន្តែកំហុសដ៏ធំបំផុតគឺការប្រើសកម្មភាពយោធាដើម្បីផ្លាស់ប្តូររបប ព្រោះនោះនឹងក្លាយជាភាពចលាចល ហើយការទទួលខុសត្រូវរបស់អន្តរជាតិគឺត្រឡប់ទៅតុពិភាក្សាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីអាចកំណត់ផ្លូវម្តងទៀតលើបញ្ហានុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់"៕

