កោះកុង៖ សិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបសរុប៩៧១នាក់នៅព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ បាននាំគ្នាមកត្រួតពិនិត្យសុខភាពរួចរាល់អស់ហើយ សម្រាប់ចូលបន្ទប់ប្រឡងតាមមណ្ឌលដែលរៀបចំទុកនៅថ្ងៃទី២៧ ខែធ្នូ ស្អែកនេះ។
មិនខុសពីបណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតឡើយ ក្រុមសិស្សានុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកោះកុង បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះវិធានការសុខាភិបាល ដោយពួកគេមកកាន់មណ្ឌលប្រឡង ដើម្បីលាងដៃនឹងអាល់កុលា ព្រមទាំងបានវ៉ាស់កម្តៅផងដែរ។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង គូសបញ្ជាក់ប្រាប់BTvថា លទ្ធផលនៃការតេស្តពិនិត្យសុខភាពរបស់បេក្ខជនត្រៀមប្រឡងនៅថ្ងៃស្អែកនេះ មានចំនួន៩៧១ ស្រី៥០៨នាក់ គឺសុខភាពពួកគេធម្មតាមិនមានបញ្ហាចោទនោះទេ។ សិស្សដែលគោរពតាមការណែនាំ និងពិនិត្យសុខភាពរួចរាល់ នឹងមានការបិទស្ទីកឃីរពណ៌ខៀវលើកាតសម្គាល់របស់សិស្សម្នាក់ៗ។
បើតាមលោក ង៉ែត ឡឹង ដំណើរការរៀបចំការប្រឡងសញ្ញាមធ្យមសិក្សានៅខេត្តកោះកុង បែងចែកជា២មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាល័យកោះកុង មានចំនួន២០បន្ទប់ និងមណ្ឌលអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ មានចំនួន១៩បន្ទប់។ នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងនឹងអញ្ជើញជួបសំណេះសំណាលទៅកាន់បេក្ខជនប្រឡងមុនការប្រឡងនៅថ្ងៃស្អែកមកដល់៕ អត្តបទ ៖ឈឹម មករា



