ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទៅដល់កិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ ឬG7 កាលពីថ្ងៃអង្គារ ទី១៧ មិថុនា ដោយទទួលបានជំនួយថ្មីពីប្រទេសកាណាដាដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ សម្រាប់សង្គ្រាមប្រឆាំងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាកចេញមុនគេ ដោយសារតែការវិវត្តនៅតំបន់មជ្ឈិមបូព៌ា។

ប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬG7 បានព្យាយាមស្វែងរកការឯកភាព ជុំវិញជម្លោះនៅអ៊ុយក្រែន បន្ទាប់ពីលោក Trump បានបង្ហាញការគាំទ្រដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបានដាក់ការដំឡើងពន្ធលើប្រទេសសម្ព័ន្ធមិត្តជាច្រើន។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ទីក្រុង Ottawa នឹងផ្តល់ជំនួយយោធាថ្មីចំនួន១,៤៧ពាន់លានដុល្លារសម្រាប់ទីក្រុងគីវ ព្រមទាំងដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីលើរុស្ស៊ី។

លោក Carney បាននិយាយនៅពេលដែលមេដឹកនាំប្រទេស G7 បានជួបប្រជុំគ្នាសម្រាប់អាហារពេលល្ងាច មុនពេលលោក Trump ចាកចេញ ដែលក្រុមមេដឹកនាំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ «សម្ពាធអតិបរមាប្រឆាំងរុស្ស៊ី» ដើម្បីបង្ខំឱ្យប្រទេសនេះចាប់ផ្តើមកិច្ចចរចាសន្តិភាពហ្មត់ចត់។ លោក Zelenskyy បាននិយាយថាលោកបានប្រាប់មេដឹកនាំ G7 ថា «ផ្នែកការទូត ពេលនេះស្ថិតក្នុងស្ថានភាពវិបត្តិ» និងបាននិយាយថា វាចាំបាច់ត្រូវបន្តអំពាវនាវឱ្យ លោក Trump «ប្រើប្រាស់ឥទ្ធិពលពិតប្រាកដរបស់លោក» ដើម្បីបង្ខំឱ្យបញ្ចប់សង្គ្រាម។