បុរសប្រាំពីរនាក់មកពីតំបន់កាលីហ្វ័រនីញ៉ាភាគខាងត្បូង (Southern California) របស់សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ទាក់ទងនឹងអ្វីដែលរដ្ឋអាជ្ញាសហព័ន្ធបានពណ៌នាកាលពីថ្ងៃអង្គារ (១៧ មិថុនា) ថាជាការលួចប្លន់គ្រឿងអលង្ការដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

ចុងចោទ ដែលសុទ្ធតែមកពីតំបន់ Los Angeles ត្រូវចោទប្រកាន់ថាបានលួចគ្រឿងមាស ពេជ្រ ត្បូងទទឹម ត្បូងមរកត និងនាឡិកាប្រណីតតម្លៃប្រមាណ ១០០លានដុល្លារ ពីរថយន្តពាសដែកមួយគ្រឿងក្នុងខែកក្កដា ឆ្នាំ២០២២ នេះបើយោងតាមការិយាល័យយុត្តិធម៌រដ្ឋអាជ្ញា ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា។
ការិយាល័យរដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បុរសទាំងនោះត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធសប្តាហ៍មុន លើបទចោទ ២ករណីនៃការសមគំនិត និងប្រព្រឹត្តអំពើលួចប្លន់ពីការដឹកជញ្ជូនទំនិញក្នុងរដ្ឋ និងក្រៅប្រទេស។ ការិយាល័យរដ្ឋអាជ្ញាបន្តថា បុរស ៥នាក់ក្នុងចំណោមនោះក៏ត្រូវបានចោទពីរបទពីបទសមគំនិត និងជ្រៀតជ្រែកពាណិជ្ជកម្មដោយអំពើប្លន់។
ឯកសារចោទប្រកាន់ផ្លូវការអះអាងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បុរសទាំង ៧នាក់នោះ បានលួចកាបូបចំនួន២៤ ដែលដាក់គ្រឿងអលង្ការពីក្នុងរថយន្តពាសដែកនោះ ហើយជនរងគ្រោះបានបូកសរុបតម្លៃទំនិញដែលលួចមានចំនួន ១០០លានដុល្លារ។ សេចក្តីប្រកាសព័ត៌មាននិយាយថា គ្រឿងអលង្ការមួយចំនួនត្រូវបានរកឃើញវិញនៅពេលអាជ្ញាធរបានអនុវត្តដីកាស្រាវជ្រាវជាបន្តបន្ទាប់៕


