គណៈកម្មការអឺរ៉ុប បានបញ្ជាក់ពីជំហររបស់ខ្លួនថា នឹងពុំមានការវិលត្រឡប់ទៅប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ី វិញជាដាច់ខាត ខណៈប្លុកនេះបានដាក់ចេញផែនការដើម្បីបញ្ឈប់ការនាំចូលឥន្ធនៈហ្វូស៊ីលពីប្រទេសជិតខាងភាគខាងកើតរបស់ខ្លួននៅដើមឆ្នាំ២០២៨។

ស្នងការថាមពលសហភាពអឺរ៉ុប លោក Dan Jorgensen និយាយថា ការហាមប្រាមលើការនាំចូលឧស្ម័នពីរុស្ស៊ី នឹងនៅតែមានជានិច្ច ដោយមិនខ្វល់ឡើយថា តើមានសន្តិភាពនៅក្នុងអ៊ុយក្រែន ឬក៏អត់។ ក្រុមមន្ត្រីសហភាពអឺរ៉ុប បានរំលឹកឡើងវិញនៅពេលរុស្ស៊ី បានកាត់ការផ្គត់ផ្គង់ឧស្ម័នក្នុងឆ្នាំ២០០៦ ២០០៩ និង២០១៤ ក៏ដូចជាការកាត់លំហូរដោយចេតនានៅឆ្នាំ២០២១ ដែលបានរួមចំណែកដល់ការកើនឡើងយ៉ាងគំហុកនៃតម្លៃថាមពល និងកំណើនអតិផរណានៅទូទាំងទ្វីប។

នៅក្រោមសំណើថ្មីនេះ ក្រុមហ៊ុនអ៊ឺរ៉ុបនឹងត្រូវបានហាមឃាត់មិនឱ្យនាំចូលឧស្ម័នរុស្ស៊ី ឬផ្តល់សេវានៅស្ថានីយឧស្ម័នធម្មជាតិរាវរបស់សហភាពអឺរ៉ុប ដល់អតិថិជនរុស្ស៊ីនោះទេ។ រាល់កិច្ចសន្យាដែលបានចូលជាធរមានចាប់ពីថ្ងៃបច្ចុប្បន្ននេះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងស្រាប់ មានកាលផុតកំណត់ចុងក្រោយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៨។

សំណើថ្មីនេះកំពុងប្រឈមមុខនឹងការរិះគន់ប្រឆាំងយ៉ាងខ្លាំងពីហុងគ្រី ស្លូវ៉ាគី និងអូទ្រីស ប៉ុន្តែប្រទេសទាំងនេះប្រហែលជាពុំមានការគាំទ្រគ្រប់គ្រាន់ដើម្បីរារាំងផែនការហាមឃាត់នោះមិនឱ្យក្លាយជាច្បាប់ពេញលេញរបស់សហភាពអឺរ៉ុបបានទេ។
លោក Jorgensen បាននិយាយថា ផែនការឈប់ប្រើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីនេះ មិនមែនជាការឆ្លើយតបចំពោះសង្រ្គាមលើអ៊ុយក្រែនទេ ប៉ុន្តែដោយសារតែរុស្ស៊ី បានប្រើប្រាស់ថាមពលនេះធ្វើជាអាវុធប្រឆាំងនឹងអឺរ៉ុប និងព្រោះតែរុស្ស៊ី បានប្រើរឿងនេះដើម្បីគំរាមរដ្ឋសមាជិកក្នុងសហភាពអឺរ៉ុប ដូច្នេះហើយ ទីក្រុងមូស្គូមិនមែនជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបានឡើយ"៕
