ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនាថា និស្សិត និងអ្នកដើរធម្មយាត្រា រាប់រយនាក់ ដែលត្រូវបានជម្លៀសចេញក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ នឹងត្រូវបានដឹកជញ្ជូនទៅកាន់លំនៅឋានរបស់ពួកគេនៅទូទាំងប្រទេសប៉ាគីស្ថាន បន្ទាប់ពីពួកគេត្រូវបាននាំយកទៅកាន់ក្រុង Quetta ជាទីរួមខេត្ត Balochistan ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសអ៊ីរ៉ង់។

ស្នងការទីក្រុង Quetta លោក Muhammad Hamza Shafqaat បាននិយាយថា អ្នកដើរធម្មយាត្រាចំនួន៥៤៥នាក់ និងនិស្សិតចំនួន២០៧នាក់ បានទៅដល់ក្រុង Quetta ពីច្រកឆ្លងកាត់ព្រំដែន Taftan របស់ប្រទេសប៉ាគីស្ថានជាមួយប្រទេសអ៊ីរ៉ង់ ហើយការរៀបចំត្រូវបានធ្វើឡើងដើម្បីដឹកជញ្ជូនពួកគេទៅកាន់ស្រុកកំណើតនៅថ្ងៃពុធ ទី១៨ ខែមិថុនានេះ ។
និស្សិតប៉ាគីស្ថានម្នាក់ ដែលបានមកពីទីក្រុងតេអេរ៉ង់ បាននិយាយថា លោកស្នាក់នៅប្រហែលចម្ងាយមួយគីឡូម៉ែត្រកន្លះ ពីទីតាំងយោធាអ៊ីរ៉ង់ ដែលត្រូវបានវាយប្រហារ។

រដ្ឋបាលស្រុក Panjgur បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសប៉ាគីស្ថាន បានបិទច្រកព្រំដែនរបស់ខ្លួនជាមួយអ៊ីរ៉ង់នៅស្រុក Panjgur ដោយគ្មានកំណត់ ដោយសារតែភាពតានតឹងកើនឡើង។ ទោះបីជាយ៉ាងណា ព្រំដែន Taftan នៅតែដំណើរការសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសកម្មភាពពាណិជ្ជកម្ម។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា និស្សិតប៉ាគីស្ថានមួយក្រុមចំនួន២១៤នាក់ កំពុងសិក្សានៅស្ថាប័នវេជ្ជសាស្ត្រនិងវិស្វកម្ម ក្នុងប្រទេសអ៊ីរ៉ង់ បានទៅដល់ព្រំដែន Taftan របស់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។