
ភ្នំពេញ៖ នៅថ្ងៃទី២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក។
ដោយឡែក បេក្ខជនប្រលងបាក់ឌុបចំនួន០២រូប ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករ០២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។