នគរបាលប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាក្នុងទីក្រុងណៃរ៉ូប៊ី កាលពីថ្ងៃអង្គារទី១៧ ខែមិថុនា ខណៈបាតុកម្មជាច្រើនបានផ្ទុះឡើងបន្ទាប់ពីការស្លាប់អ្នកសរសេរប្លុកម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាល ដែលបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីជុំវិញការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងសន្តិសុខ។ ការប៉ះទង្គិចគ្នា បានកើតឡើងនៅកណ្តាលទីក្រុងណៃរ៉ូប៊ី ដោយបានមើលឃើញបុរសម្នាក់ត្រូវបាតុករវាយដំ។ លោកត្រូវបានគេវាយនឹងដំបងជា និងទាត់ចំក្បាល។

នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ សារព័តត៌មានរ៉យទ័របានរាយការណ៍ថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយនគរបាលនៅក្នុងផ្នែកផ្សេងទៀតនៃទីក្រុង ក្នុងអំឡុងពេលការតវ៉ាតែមួយ។

ការតវ៉ានេះត្រូវបានបង្កឡើងដោយការស្លាប់របស់លោក Albert Ojwang ជាគ្រូបង្រៀន និងជាអ្នកសរសេរប្លុកអាយុ៣១ឆ្នាំ ដែលបានស្លាប់រយៈពេលពីរថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក កាលពីដើមខែនេះ។ ដំបូងឡើយ នគរបាលបានអះអាងថា លោកបានធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែក្រោយមក ការធ្វើកោសល្យវិច័យឯករាជ្យ បានបង្ហាញពីការវាយដំជាមូលហេតុនៃការស្លាប់ ដោយជំរុញឱ្យមានការសុំអភ័យទោសពីស្នងការនគរបាលរបស់ប្រទេសកេនយ៉ា។
លោកប្រធានាធិបតី William Ruto បានពណ៌នាការស្លាប់របស់ លោក Ojwang «នៅក្នុងដៃរបស់នគរបាល» ថាជា «ការសោកស្ដាយ និងមិនអាចទទួលយកបាន»។