ប្រព័ន្ធសម្ពាធខ្ពស់បានបង្កើនសីតុណ្ហភាពនៅទូទាំងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃអង្គារ (១៧ មិថុនា) ដែលបណ្តាលឱ្យមានកម្ដៅខ្លាំងក្លាដូចក្នុងរដូវក្តៅ ទោះបីជាអំឡុងពេលនេះគឺជារដូវវស្សាក៏ដោយ។

យោងតាមសារព័ត៌មាន AFP សីតុណ្ហភាពបានបន្តឡើងដល់ ៣៤អង្សារសេ យ៉ាងគ្រោះថ្នាក់នៅទីក្រុងតូក្យូ ក្នុងថ្ងៃពុធ (១៨ មិថុនា) នេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា កម្ដៅដ៏ខ្ពស់ត្រូវបានរំពឹងថានឹងបន្តឡើងដល់ចំណុចកំពូលរហូតដល់ថ្ងៃទី២០ ខែមិថុនា នៅកន្លែងជាច្រើនទូទាំងប្រទេស។

នាយករងមន្ទីរពេទ្យ Saitama Jikei លោក Tsuyoshi Fujinaga អ្នកជំនាញខាងជំងឺ បាននិយាយថា "រដូវវស្សានេះ បាននាំមកជាមួយនូវហានិភ័យលាក់ខ្លួននៃជំងឺថប់ដង្ហើមសន្លប់ទាក់ទងនឹងកម្ដៅ ដោយសារសំណើមខ្ពស់ពេក"។ លោកបានព្រមានថា មនុស្សជាច្រើនមិនទាន់ស៊ាំនឹងកម្តៅទេ ហើយហាក់មិនខ្វល់ខ្វាយពីគ្រោះថ្នាក់កម្ដៅក្នុងរដូវភ្លៀងបែបនេះ។

ចាប់ពីខែឧសភា ដល់ថ្ងៃទី០៨ ខែមិថុនា មនុស្សជិត ៤ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺថប់ដង្ហើមសន្លប់ទាក់ទងនឹងកម្ដៅ នេះបើយោងតាមតួលេខបឋមពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ។ របាយការណ៍នេះបង្ហាញថា តួលេខ ២៧,៨% នៃករណីជំងឺថប់ដង្ហើមទាក់ទងនឹងកម្ដៅកើតឡើងនៅផ្ទះ បន្ទាប់មក ២០,២% កើតនៅតាមដងផ្លូវ និង ១៤,៧% នៅតាមផ្លូវរថភ្លើងខាងក្រៅ និងចំណតរថយន្តជាដើម៕