ការវាយប្រហារតាមច្រកអាកាសដ៏កម្រោល និងខ្លាំងក្លារបស់អ៊ីស្រាអែល បានបន្តកំណត់គោលដៅលើរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃពុធ (១៨ មិថុនា) នេះ រយៈពេល ៦ថ្ងៃជាប់ៗគ្នា នៅក្នុងជម្លោះដ៏ក្ដៅគគុកដែលក្រុមសិទ្ធិមនុស្សនិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨៥នាក់ នៅទូទាំងប្រទេសអ៊ីរ៉ង់ និង ១.៣២៦នាក់ផ្សេងទៀតរងរបួស។

ក្រុមសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណអ្នកស្លាប់ចំនួន ២៣៩នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជាជនស៊ីវិល និង ១២៦នាក់ជាបុគ្គលិកសន្តិសុខ។ ក្រុមដែលក៏ជាអ្នកផ្តល់តួលេខអ្នកស្លាប់លម្អិតក្នុងអំឡុងពេលការតវ៉ាឆ្នាំ២០២២ នៅអ៊ីរ៉ង់មួយនេះ បានពិនិត្យមើលរបាយការណ៍ក្នុងស្រុកនៅអ៊ីរ៉ង់ ប្រឆាំងនឹងបណ្តាញប្រភព ដែលខ្លួនបានបង្កើតនៅក្នុងសាធារណរដ្ឋអ៊ិស្លាមមួយនេះ។
អ៊ីរ៉ង់ មិនបានផ្សព្វផ្សាយចំនួនអ្នកស្លាប់ឡើយក្នុងអំឡុងពេលជម្លោះ ហើយតែងបន្ទាបចំនួនអ្នកស្លាប់នៅពេលកន្លងមក។ បច្ចុប្បន្នភាពចុងក្រោយរបស់អ៊ីរ៉ង់ ដែលបានចេញផ្សាយគិតត្រឹមថ្ងៃចន្ទ (១៧ មិថុនា) បានដាក់ចំនួនអ្នកស្លាប់នៅតួលេខ ២២៤នាក់ប៉ុណ្ណោះ និងអ្នករបួស ១.២៧៧នាក់។
ភាពមិនប្រាកដប្រជាបានធ្វើឱ្យតំបន់ និងប្រជាជននៅទីក្រុងតេអេរ៉ង់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល ក្នុងថ្ងៃទី៦នេះ សំដៅទៅលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានទទួលស្គាល់ការវាយប្រហារនៅព្រឹកថ្ងៃពុធនេះលើក្រុងតេអេរ៉ង់ ដោយនិយាយថា យន្តហោះចម្បាំងជាង ៥០គ្រឿងបានចូលរួម។
អ៊ីរ៉ង់ បានសងសឹកលើយុទ្ធនាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយការបាញ់មីស៊ីលប្រមាណ ៤០០គ្រាប់ និងយានដ្រូនរាប់រយគ្រឿងទៅលើទីក្រុងនានារបស់អ៊ីស្រាអែល ដោយរហូតមកដល់ពេលនេះ មនុស្សប្រមាណរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល៕


