ប្រមុខការទូតទីក្រុងញូវដេលី បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបន្តអះអាងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទប្រហែលជាងកន្លះម៉ោងជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីល្ងាចថ្ងៃអង្គារ (១៧ មិថុនា) ថា បទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីជម្លោះ ៤ក្នុងខែឧសភា ត្រូវបានសម្រេចតាមរយៈការពិភាក្សារវាងយោធាទាំងពីរ និងមិនមែនជាការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិកនោះទេ។

លោក Trump បាននិយាយកាលពីខែមុនថា ប្រទេសជិតខាងអាស៊ីខាងត្បូងមានអាវុធនុយក្លេអ៊ែរទាំងពីរ បានយល់ព្រមលើបទឈប់បាញ់មួយ បន្ទាប់ពីកិច្ចចរចាសម្របសម្រួលដោយអាមេរិក ហើយអរិភាពបានបញ្ចប់ក្រោយពីលោកបានជំរុញឱ្យប្រទេសទាំងពីរផ្តោតលើពាណិជ្ជកម្មជំនួសឱ្យសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "លោកនាយករដ្ឋមន្ត្រី Modi បានប្រាប់លោកប្រធានាធិបតី Trump យ៉ាងច្បាស់ថា ក្នុងអំឡុងពេលនេះ ពុំមានការពិភាក្សានៅដំណាក់កាលណាមួយលើប្រធានបទដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឬការសម្របសម្រួលរបស់អាមេរិក រវាងឥណ្ឌា និងប៉ាគីស្ថាននោះទេ"។
ប្រមុខការទូតរូបនេះបន្តថា "ការបញ្ឈប់សកម្មភាពយោធាកើតឡើងដោយផ្ទាល់ក្នុងកិច្ចពិភាក្សារវាងឥណ្ឌា និងប៉ាគីស្ថាន តាមណ្តាញយោធាដែលមានស្រាប់ និងនៅលើការទទូចរបស់ប៉ាគីស្ថាន។ លោក Modi បានសង្កត់ធ្ងន់ថា ឥណ្ឌាមិនទទួលយកការសម្របសម្រួលនាពេលកន្លងមក ហើយក៏នឹងមិនធ្វើបែបនោះឡើយ"។


ប៉ាគីស្ថានធ្លាប់បាននិយាយថា បទឈប់បាញ់នោះកើតឡើងបន្ទាប់ពីយោធារបស់ខ្លួនបានឆ្លើយតបការពិភាក្សាលើប្រធានបទនេះ ដែលយោធាឥណ្ឌា បានផ្តួចផ្តើមកាលពីថ្ងៃទី០៧ ខែឧសភា៕