
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ វ៉ាក់សាំងPfzer BioNtech ចំនួន ២,៣៥លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីនឹងធ្វើពីធីប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វ៉ាក់សាំងចំនួន ២,៣៥លានដូសនេះ ជាវ៉ាក់សាំងលើកដំបូងដែលអូស្រ្តាលីផ្តល់ដល់កម្ពុជា ហើយក៏ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការចែករំលែកវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទៅ ៦០លានដូសជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រឹមដំណាច់ឆ្នាំ២០២២ ហើយរហូតដល់ពេលនេះ ចែកចាយចំនួនជាង ១០លានដូសហើយ។
កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំងបានលឿន សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈ ផែនការមួយ ច្បាស់លាស់ទាំងការទិញជំនួយ ពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះមកដល់ពេល នេះកម្ពុជា រក បាន វ៉ាក់សាំង សរុប ជាង ៤០ លានដូស » ។
ភាពជោគជ័យរបស់កម្ពុជាលើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានស្ទើរតែ ១០០ភាគរយលឿនជាងផែនការគ្រោងទុក នេះនាំឱ្យ អង្គការសុខភាពពិភពលោកអង្គការដៃគូអភិវឌ្ឍន៍និងប្រទេសជាច្រើនបង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាត នៃជំងឺកូវីដ១៩ ហើយ កំពុងបើកប្រទេសជាតិឡើងវិញ គ្រប់វិស័យផងដែរ។
កម្ពុជាជាប្រទេសមួយ ដែលមានសំណាងដោយមានការដឹកនាំដ៏ត្រឹមត្រូវមួយ ដែលធ្វើឱ្យប្រទេសកម្ពុជាមិនមានការខ្វះខាត វ៉ាក់សាំង ។
សូមរំលឹកថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកជំទាវ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី កាលពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោកជំទាវ ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលី បានអះអាងថា អូស្រ្តាលីនឹងផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូសដល់កម្ពុជា។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ារីស ផេន បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា តាមរយៈកម្មវិធីជំរុញការចាក់វ៉ាក់សាំង។
ជាមួយគ្នានោះ លោកជំទាវ ម៉ារីស ផេន បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់របស់អូស្រ្តាលី ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រដល់អូស្រ្តាលី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន និងបានបញ្ជាក់ឡើងវិញនូវការគាំទ្រពេញលេញ របស់អូស្រ្តាលីចំពោះកម្ពុជា ដើម្បីធានាបាននូវការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ។
គួរជំរាបជូនថា ចាប់ពី ឆ្នាំ ២០០៧ មក ប្រទេស អូស្រ្តាលី បានផ្តល់ ហិរញ្ញប្បទាន សហប្រតិបត្តិការ ដល់ កម្ពុជា លើ វិស័យ សុខាភិបាល ដែល មានទឹកប្រាក់ ប្រមាណ ១៤៥ លាន ដុល្លារអូស្រ្តាលី ហើយនឹងបន្ត ផ្តល់ បន្ថែមទៀត រហូតដល់ ឆ្នាំ២០២១។