មន្ត្រីរដ្ឋាភិបាលនៅទីក្រុងបាគូ និងយ៉េរ៉េវ៉ាន់ បាននិយាយកាលពីថ្ងៃអង្គារថា ជនបរទេសជាង ៧០០នាក់បានឆ្លងពីប្រទេសអ៊ីរ៉ង់ទៅ កាន់ប្រទេសជិតខាងអាស៊ែរបៃហ្សង់ និងអាមេនី ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារ កាលពីសប្តាហ៍មុន។

ប្រទេសតំបន់កូកាស(Caucasus) មានព្រំប្រទល់ជាប់ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ដោយប្រជាជននៅកៀកបំផុតឆ្លងចូលទៅក្នុងប្រទេសអាស៊ែរបៃហ្សង់ មានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ពីទីក្រុងតេអេរ៉ង់ តាមផ្លូវគោក។
ប្រភពរដ្ឋាភិបាលមួយ បាននិយាយកាលពីថ្ងៃអង្គារថា៖«ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ពលរដ្ឋជាង ៦០០នាក់នៃប្រទេសចនួន ១៧ ត្រូវបានជម្លៀសចេញពីប្រទេសអ៊ីរ៉ង់ តាមរយៈអាស៊ែរបៃហ្សង់»។
ប្រភពដដែលបាននិយាយថា អ្នកជម្លៀសដែលឆ្លងកាត់ព្រំដែនតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Astara នៅឆ្នេរសមុទ្រកាព្យែន ( Caspian) ត្រូវបានគេដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋាន Baku ហើយ «ហោះហើរទៅកាន់ប្រទេសកំណើតរបស់ពួកគេ តាមជើងហោះហើរអន្តរជាតិ»។
