សារព័ត៌មាន New York Times បានរាយការណ៍ដោយដកស្រង់សម្តីប្រភពថា ទីក្រុងតេអេរ៉ង់កំពុងរៀបចំវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅមជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចូលរួមយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

យោងតាមរបាយការណ៍បានឲ្យដឹងថា សាធារណរដ្ឋឥស្លាមបាន «រៀបចំមីស៊ីល និងគ្រឿងយុទ្ធោបករណ៍ ផ្សេងទៀត» ហើយគ្រោងនឹងចាប់ផ្តើមជាមួយនឹងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់។
កាសែតនេះ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ នឹងត្រៀមខ្លួនជាស្រេច ដើម្បីវាយប្រហារមូលដ្ឋានអាមេរិកណាមួយ នៅក្នុងបណ្តាប្រទេសអារ៉ាប់។ អ៊ីរ៉ង់ក៏អាចចាប់ផ្តើមដាក់មីននៅច្រកសមុទ្រ Hormuz ដើម្បីវាយប្រហារនាវាចម្បាំងអាមេរិក នៅឈូងសមុទ្រពែរ្ស។
មន្ត្រីអាមេរិក បាននិយាយថា អ៊ីរ៉ង់នឹងមិនត្រូវការការត្រៀមខ្លួនយូរ ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាមេរិកឡើយ។ យោធាអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ អាមេរិកមានទាហានជាង៤០.០០០នាក់ ដាក់ពង្រាយនៅមជ្ឈិមបូព៌ា។
